ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការដាំដើមឈើ គឺជាការចូលរួមចំណែក ការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ។

យុទ្ធនាការដាំដើមឈើ បានបង្ហាញពីគោលបំណង ក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃ សម្រាប់សង្គម បរិស្ថាន និងជីវភាពសហគមន៍ សម្រាប់អនាគត កូនចៅជំនាន់ក្រោយ។

នាឱកាសអញ្ជើញចូលរួមដាំកូនឈើចំនួន១ ៥០០០ដើម ក្នុងដែនជម្រក សត្វព្រៃសង្ឃរុក្ខាវ័ន នៅភូមិសាស្រ្តខេត្ត ឧត្តរមានជ័យ ជាមួយប្រតិភូថ្នាក់ដឹកនាំ មន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ កក្កដា លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «យុទ្ធនាការដាំដើមឈើ ដើម្បីបង្ហាញ សកម្មភាពដាំ កូនឈើនាពេលនេះ គឺជាការចូលរួមចំណែក ក្នុងការការពារ ថែរក្សា បរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ»។

លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្សា និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែជំរុញ គាំទ្រ និងយកចិត្តទុកដាក់លើការងារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ និងបន្តសហការជាមួយ ក្រសួងបរិស្ថាន បន្ថែមទៀតលើការងារ គ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យទទួលបានលទ្ធផល ល្អប្រសើរ សម្រាប់ជាមរតទៅអនាគត។

លោករដ្ឋមន្ដ្រី បានលើកឡើងបន្ថែមថា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ចាំបាច់ណាស់ រាជរដ្ឋាភិបាលគឺពង្រឹងការអនុវត្តច្បាប់១០០%ចំពោះ អ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ និងការសហការចូលរួមពីភាគីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងសហគមន៍ប្រជាបលរដ្ឋ។ កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជាតិ ក្រោមក្របខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយក្នុងនោះបានដាក់ចេញ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម៣ សំខាន់ គឺស្អាត បៃតង និងចីរភាព។

លោករដ្ឋមន្ដ្រី បន្ដទៀតថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រៀបចំឡើង ក្នុងគោលបំណង តម្រង់ទិស និងចង្អុលបង្ហាញ ការងារ ជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងពង្រឹងកិច្ចគ្រប់គ្រង ធនធានធម្មជាតិនិងបរិស្ថាន ដើម្បីឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពសហគមន៍ ដោយជំរុញសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
ក្នុងពិធីដាំកូនឈើនេះដែរ លោក មាន ចាន់យ៉ាដា អភិបាល ខេត្តឧត្តរមានជ័យ បានថ្លែងគាំទ្រ និងសហការអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីមូលដ្ឋានស្អាត សង្គមស្អាត កម្ពុជាស្អាត និងការពង្រឹងការចូលរួមបង្កើនគម្របបៃតង នៅពេលអនាគត ដើម្បីសហគមន៍មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃ នៃធនធានធម្មជាតិទាំងនេះ៕
