ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាលនៅព្រឹកថ្ងៃ២៦ កក្កដានេះ បានធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង។









មន្ទីរពេទ្យបង្អែកអ្នកលឿង ជាមន្ទីរពេទ្យបង្អែកកម្រិត២ (CPA2) ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពាមរក៍ ខេត្តព្រៃវែង ដែលមានបុគ្គលិកសរុបចំនួន ៦២រូបបម្រើផ្តល់ជូនសេវាសាធារណៈផ្នែកជំងឺទូទៅ វះកាត់ សម្ភពរោគស្ត្រី ជំងឺមិនឆ្លងទឹកនោមផ្អែម លើសឈាម និងសង្គ្រោះបន្ទាន់។


សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលលើកផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងការកកត់ត្រា រក្សាទុកដាក់ឯកសារឲ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងផ្នែករូបភាពវេជ្ជសាស្រ្ត ដោយធានាឲ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។


ក្នុងការចុះពិនិត្យនេះ សមាសភាពអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន មានអភិបាលរងខេត្តព្រៃវែង អភិបាលស្រុក ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមន្ទីរពេទ្យបង្អែក៕

