ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា បន្ត សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងពលរដ្ឋមកទទួលសេវា នៅមណ្ឌលសុខភាពពាមរក៍

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល នៅព្រឹកថ្ងៃ២៦ កក្កដានេះ បានបន្តធ្វើដំណើរ ចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និង ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពពាមរក៍ ខេត្តព្រៃវែង ។

ក្នុងឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែង បំរើផ្តល់ជូនសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់បំផុត ។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បង្កើនការខិតខំបន្ថែមទៀត ពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និង សមត្ថភាពជំនាញបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាល តាមគ្រប់រូបភាព ដោយធានាឲ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ។

ក្នុងឱកាសចុះពិនិត្យនេះ ក៏មានសមាសភាពអញ្ជើញចូលរួម ពីអាជ្ញាធរមូលដ្ឋាន អភិបាលរងខេត្តព្រៃវែង និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង អភិបាលស្រុក អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ៕

To Top