ព័ត៌មានជាតិ

លោក គួច ចំរើន ៖ យើងជាមន្ត្រីត្រូវបម្រើប្រជាជន ដោយស្នាមញញឹម និងភាពកក់ក្ដៅ

រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា ធ្វើជាមន្ត្រីត្រូវបម្រើប្រជាជន ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅជូនពួកគាត់ ដែលមករកសេវាសារធារណៈ ។

ការលើកឡើងរបស់លោកអភិបាលខេត្តកណ្ដាល ធ្វើឡើងនាថ្ងៃទី២៦ កក្កដា ក្នុងឱកាសលោក និង លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកកៀនស្វាយ ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ។

លោក គួច ចំរើន កោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកកៀនស្វាយ ដែលបានរួមសាមគ្គីសហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តកណ្តាលឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ អនុវត្តគោលនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

អភិបាលខេត្តថា ដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍនៃប្រទេសជាតិ មន្ត្រីរាជការ ត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបំរើសេវាសាធារណៈ ដូច្នេះជាមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ចក្នុងតួនាទីភារកិច្ច ត្រូវមានការយល់ដឹង និងដើរឲ្យស្របទៅតាមគោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានស្មើៗគ្នា ដូចៗគ្នា ។

អភិបាលខេត្តគូសបញ្ជាក់ថា «យើងជាមន្ត្រីត្រូវបម្រើប្រជាជន ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅជូនពលរដ្ឋដែលមករកសេវាសារធារណៈ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសនេសាទខុសច្បាប់ បញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចារាចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ទើបទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៅលើការដឹកនាំរបស់អាជ្ញាធរ” ។

ជាមួយគ្នានេះ មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋាន និងអត្តសញ្ណាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ ៕

To Top