ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជំនួយ រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង ពីលោក Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួល ពីអង្គការចលនាភូមិថ្មី នៃសាធារណរដ្ឋកូរ៉េ ។

ក្នុងពិធីដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត ដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យ ទាំង១០គ្រឿង ដើម្បីជួយសម្រួលដល់តម្រូវការ ប្រើប្រាស់ចាំបាច់ក្នុងអង្គភាព របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ទន្ទឹមនឹងនោះ លោក Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនេះ គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត ក៏ដូចជាទំនាក់ទំនង កម្រិតយុទ្ធសាស្ត្រ រវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង ដើម្បីផ្តល់ប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ៕








