ព័ត៌មានជាតិ

សម្ដេចតេជោ ជួបថ្នាក់ដឹកនាំវៀតណាម ៤រូបដើម្បីបន្តទំនាក់ទំនងល្អរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ

ភ្នំពេញ៖នៅក្នុងឱកាសដឹកនាំគណៈប្រតិភូទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពរបស់ លោក ង្វៀន ហ៊ូចុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម ដើម្បីផ្លាស់ប្តូរលើទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការ ក្នុងការបន្តទំនាក់ទំនងដ៏ល្អ ជាប្រពៃណីរវាង គណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។


បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាមរយៈពេល២ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក លឿង គឿង ប្រធានគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ក្នុងជំនួបជាមួយ លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម នាថ្ងៃទី២៥ លោកប្រធានរដ្ឋ បានគូសបញ្ជាក់ ថា មិត្តភាពដែលមានជាង ១ទសវត្សរ៍ កន្លងទៅរវាង លោក ង្វៀន ហ្វ៊ូចុង ដែលបានធ្វើការជាមួយ សម្តេចតេជោ ហ៊ុន សែន
គឺពិតជាមានតម្លៃខ្លាំងណាស់ ហើយលោកប្រធានរដ្ឋ នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការបក្ស បានបន្សល់ទុករួមមានស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងមិត្តភាពជាបងប្អូន ជាមិត្ត ជិតខាងល្អរវាងកម្ពុជា វៀតណាម ហើយនឹងពង្រឹងពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ក្រោយ។

នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានបន្តជួបពិភាក្សាការងារនិងសម្តែងការគួរសម ជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម។

ភាគីទាំងពីរបានជូនពរគ្នាទៅវិញទៅមក និងបញ្ជាក់ នូវទំនុកចិត្តដែលកើតចេញពីការលះបង់ និងការសាមគ្គីគ្នា
គ្រប់ដំណាក់កាល ដូច្នេះហើយភាគីទាំងពីរ នឹងបន្តពូនជ្រុំនូវមិត្តភាពនេះ ឱ្យបានយូរអង្វែងបន្តទៀត ជាពិសេសប្រពៃណីដែលនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នមាន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម តែងតែជួបគ្នាគ្រប់ពេលវេលា និងគ្រប់វេទិកាអន្តរជាតិ។

ភាគីទាំងពីរ បន្តគាំទ្រគ្នានិងបំពេញគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ
ទាំងអស់មានការកើនឡើង ជាពិសេសភាគីកម្ពុជា ជូនពរភាគីវៀតណាមឱ្យសម្រេចបានជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៣០ និង ជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។

ភាគីវៀតណាម ក៏បានជូនពរកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យ របស់សម្តេចតេជោ និងការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ភាគីវៀតណាម ឯកភាពតាមសំណើ របស់សម្ដេចតេជោ ដើម្បីបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាល នៃការអភិវឌ្ឍឧស្សាហកម្ម ៤.០។

ដោយឡែក លោក លឿង គឿង ប្រធានគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក៏បានជួបសម្តែងការគួរសម និងទទួលអាហារពេលល្ងាចជាមិត្តភាព ជូនចំពោះសម្តេចតេជោ និងគណៈប្រតិភូកម្ពុជា។ ភាគីទាំងពីរគោរពចំពោះគុណតម្លៃរបស់ លោកអគ្គលេខាធិការ ជាឥស្សរជនគំរូ និងជាការចងចាំរបស់ប្រជាជនវៀតណាមក្នុងការដឹកនាំបក្ស និងរដ្ឋវៀតណាម ឱ្យមានការជឿនលឿនមកទល់បច្ចុប្បន្ន។ ភាគីទាំងពីរ បានផ្លាស់ប្ដូរគ្នាប្រកបដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសាមគ្គីភាព បង្កើននូវការចងចាំនៃមិត្តភាពនិងការតស៊ូពីអតីតកាល ហើយបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរកាន់តែជឿនលឿន ដោយធ្វើការបំពេញគ្នា និងគាំទ្រ គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ និងការរើកចម្រើនរបស់គ្នាទៅវិញទៅមក។ លោកបានទទួលយកការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងឯកភាពក្នុងការបន្តការផ្លាស់ប្តូរគណៈប្រតិភូគណបក្សគ្រប់កម្រិត ជាពិសេសយុវជនគណបក្សជំនាន់ក្រោយ ដើម្បីបង្កើននូវមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយនឹងលោក ត្រឹន ថាញ់មិនប្រធានរដ្ឋសភាវៀតណាម។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ន នីតិបញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈ
ការផ្លាស់ប្តូររវាងគណៈកម្មការជំនាញនានា និងអគ្គលេខាធិការដ្ឋានរបស់ រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍នៃការកសាងច្បាប់។ភាគីទាំងពីរក៏ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានាពេលកន្លងមក តាមរយៈកិច្ចសហការជាប្រចាំ និងការគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងវទិកាសភាពហុភាគី។ទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម បានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកចូលរួមដោយផ្ទាល់ ទាំងការគោរពវិញ្ញាណក្ខន្ធ និងបន្តចូលរួមក្នុង ពិធីបញ្ចុះសព។

ការបន្តវប្បធម៌នៃកិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកអគ្គលេខាធិការបក្ស ង្វៀន ហ៊ូចុង គឺជាមរតកសម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងសភា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ ដែលបានកសាងឡើងជាមួយនឹងទំនុកចិត្តដ៏ជ្រាលជ្រៅ និងស្មោះត្រង់ ការគោរពគ្នា និងការយោគយល់គ្នាក្នុងនាមជាមិត្តជិតខាងល្អជាប្រពៃណី ដែលមិនត្រឹមតែរវាងកម្ពុជា និងវៀតណាមទេ ក៏សម្ដែងនូវមិត្តភាពល្អរវាងកម្ពុជា វៀតណាម ឡាវ ផងដែរ ដើម្បីឆ្ពោះទៅកាន់អនាគតកាល នៃព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ៕

To Top