ព័ត៌មានជាតិ

សម្តេចតេជោ៖ ទឹកដីកម្ពុជា​ មិនបានកាត់ឱ្យវៀតណាមដូចគេចោទនោះទេ

ភ្នំពេញ៖ បន្ទាប់ពីមកដល់កម្ពុជា ក្រោយអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើង​ របស់តារាសម្តែងមួយរូប ឈ្មោះ ឆឹម សក្កដា ទាក់ទិននឹងតំបន់អភិវឌ្ឍត្រីកោណ CLV ថា ទឹកដីកម្ពុជា​មិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវនោះទេ ។

ការឆ្លើយតបរបស់សម្តេចតេជោ ធ្វើឡើងតាមរយៈការចូលទៅ Comment ផ្ទាល់លើការបង្ហោះរបស់តារា
សម្តែង ឆឹម សក្កដា កាលពីថ្ងៃទី២៦ កក្កដា បន្ទាប់ពីតារាសម្តែងរូបនេះ បានបង្ហាញមតិ និងការព្រួយបារម្ភរបស់ខ្លួន​ នៅលើបណ្តាញសង្គម ជុំវិញកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ។

ក្នុងសារនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។
ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។ ប្រទេសនីមួយៗ គ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនយើងក៏មិនអាចចូលទៅ វៀតណាម ឡាវ ដោយគ្មានការអនុញ្ញាតិ។ ឯប្រជាជនវៀតណាមនិងឡាវ ក៏មិនអាចចូលមកប្រទេសយើង ដោយគ្មានការអនុញ្ញាតិ”។

សម្តេចតេជោ បានបញ្ជាក់ថា “កិច្ចសហការរបស់យើង ប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនា សម្ពន័ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញ នូវការពន្យល់របស់ពុកកូននិងកាន់តែយល់” ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា “ការខិតខំរកទីផ្សាឲ្យប្រជាជនយើង កាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អ ជាមួយប្រទេសជិតខាង ពិសេសតំបន់ភូមិភាគឥសាន្តរបស់យើង ដែលខ្វះផ្លូវដឹកជញ្ជូន ខ្វះអគ្គីសនីនិងខ្វះទីផ្សា”។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអះអាងថា “២៥ឆ្នាំកន្លងមកហើយ តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេ តែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ វៀតណាមថែមទៀតផង”។

សម្តេចបានបញ្ជាក់បន្ថែមថា “ដោយសារកត្តាប្រវត្តិសាស្រ្ត ទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំ ជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង”៕

To Top