ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យវឌ្ឍនភាពការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ នៅដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្ថាបនាសំណង់សិល្បការ្យ នៅដីសម្បទាន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

គម្រោងដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា ដូចជាផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងការតបណ្ដាញអគ្គិសនីដើម្បីបម្រើសេវាកម្មសុខាភិបាល និងផ្ដល់ការអប់រំជូនប្រជាជន និងកូនចៅរបស់ប្រជាជននៅតំបន់ជុំវិញនោះផងដែរ ពោលគឺ ដើម្បីបម្រុងទុកជូនប្រជាជនដែលនឹងមានកំណើន នាពេលអនាគត។ ក្នុងនោះដែរ​ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍ ដោយបានស្ថាបនាផ្លូវដីល្បាយក្រួសចំនួន ៦កំណាត់ ប្រវែងសរុប ២៨គីឡូម៉ែត្រ។ កំណាត់ផ្លូវនីមួយៗមានទទឹង ៨ម៉ែត្រ ព្រមទាំងមានសំណង់សិល្បការ្យមួយចំនួន។

ក្នុងឱកាសនោះលោក ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ។

សូមរំឭកផងដែរថា៖ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានផ្ដល់ដីសម្បទានសង្គមកិច្ចប្រមាណជាង ៩០០ហិកតា ដើម្បីបែងចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារ ឱ្យបានរស់នៅ និងកសាងជីវភាពថ្មី៕

To Top