ភ្នំពេញ៖ តាមការចាត់តាំងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការចុះសាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក រដ្ឋមន្រ្តីបានចុះជួបសំណេះសំណាល ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះមានរោងចក្រ DONGDU TEXTILE CAMBODIA CO., LTD. ដឹកនាំដោយ លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ, រោងចក្រ ស៊ីប៊ី ឃីងថប ហ្វេសសិន ហ្គាមិន ដឹកនាំដោយលោកស្រី ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការ, រោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. ដឹកនាំដោយលោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ។

នៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតជាង ១ ៧០០នាក់
ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ DONGDU TEXTILE CAMBODIA CO., LTD.ស្ថិតក្នុងភូមិទឹកថ្លា
សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ លោក ហ៊ូ វុឌ្ឍី បានជួបពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រ និងបានសំណេះ សំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតតាមផ្នែកនីមួយៗនៅក្នុងរោងចក្រ និងពិនិត្យមើលដំណើរការនៃខ្សែចង្វាក់ផលិតកម្មនៅក្នុងអាគាររោងចក្រ ដើម្បីពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិត។



ក្រោយការទទួលទានអាហារថ្ងៃត្រង់ និងជួបសំណេះសំណាលសាកសួរដោយផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតរួច លោក ហ៊ូ វុឌ្ឍី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ DONGDU TEXTILE CAMBODIA CO., LTD. ដែលគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អ និងថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតទៀតផង។


ដោយឡែក ក្នុងការចុះសំណេះសំណាល ពិនិត្យស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតជាងជាង ១ ២០០នាក់ នៅរោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. លោកស្រី ឃ្លោក ប៉េងថុល បានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC (ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ ផងដែរ។



បន្ទាប់ពីទទទួលទានអាហាថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល លោកស្រី ក៏បានជួបពិភាក្សាការងារជាមួយតំណាងរោងចក្រ ដោយបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច។
ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតជាង ១ ៣០០នាក់ នៅរោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក តាំង ផេងរិទ្ធី ក៏បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋបាល និងនាយករោងចក្រ ដើម្បីសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេងៗដែលរោងចក្រនេះ ផ្តល់ជូនបងប្អូនកម្មករនិយោជិត។ នាឱកាសនោះដែរ លោក ក៏បានចុះពិនិត្យមើលផ្ទាល់តាមខ្សែចង្វាក់ផលិតកម្មនៅក្នុងអគាររោងចក្រ និងបានជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបានទទួលទានបាយថ្ងៃត្រង់នៅអាហាដ្ឋានក្នុងរោងចក្ររួមគ្នាផងដែរ។
លោកអនុរដ្ឋលេខាធិការ បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់ផងដែរ។
ក្នុងឱកាសនោះលោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទស្នាល។ ទន្ទឹមនេះ លោកបានស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ៕
