ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកLee Cheol-Woo អភិបាលខេត្ត ក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និងការផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងការដើរពិនិត្យមើលជាក់ស្តែងនូវសង្វាក់ផលិតកម្មជាកញ្ចប់របស់រោងចក្រ។




ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ទៅលើអ្នកវិនិយោគកូរ៉េដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាដែលបាននិងកំពុងបង្កើតឱ្យមានឱកាសការងារដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារបស់កូរ៉េមួយនេះ។


ក្រៅពីស្តាប់បទបង្ហាញ និងទស្សនកិច្ចសង្វាក់ផលិតកម្មក្នុងរោងចក្រ លោក ហេង សួរ បានឆ្លៀតសួរសុខទុក្ខដល់និយោជិតដែលជាអតីតសិស្សបាន បញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលកំពុងបម្រើការនៅក្នុងរោងចក្រផងដែរ។



រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD)ត្រូវបានដាក់ឱ្យដំណើរការដំឡើងនៅឆ្នាំ២០២៣ ហើយអាចមានសមត្ថភាពផ្គុំបានចំនួន១០០ ទៅ ២០០គ្រឿងក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២៤ និងដើម ឆ្នាំ២០២៥។
គួររំលឹកថានៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននេះ បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងខណៈដែលបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម៕
