កំពង់ស្ពឺ ៖ លោក វង់ ជីវ័ន្ត ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃ២៩ កក្កដា បានសម្រេចឃុំខ្លួនជនដៃដល់ដែលបានវាយសម្លាប់បុរសម្នាក់ជាម្ចាស់ទំពាំងកាលពីពេលកន្លងទៅ ។


លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌ កំរិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានលោកចៅក្រុមឃុំខ្លួនជាបណ្តោះអាសន្ននេះមានឈ្មោះ សូត្រ ធន ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


លោកបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះឡុង លី ភេទប្រុសអាយុ៦៦ឆ្នាំ មានមុខរបរប្រជាការពាររស់នៅក្នុងភូមិឃុំខាងលើ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។

សូមរំលឹកថា កាលពីថ្ងៃទី២០ កក្កដា មានករណីឃាតកម្មមួយកើតឡើងនៅចំណុចមាត់ស្ទឹងខាងក្រោយចម្ការរបស់ជនរងគ្រោះស្ថិតក្នុងភូមិភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយមានស្នាកស្នាមចំកំភួនដៃសងខាងមានស្នាមជាំហើម បាក់ខ្នងដៃឆ្វេង មុតបាតដៃឆ្វេង បែកចញ្ចើមស្តាំ ស្នាមជាំលើជុំចញ្ចើម ដាច់ស្លឹកត្រច្រៀកស្តាំមួយកំណាត់ខាងលើ ព្រមទាំងផុងលលាដ៏ក្បាលខាងស្តាំ (អាចបុកហ្នឹងវត្ថុរឹងមិនសូវមុតច្រើនដង) បែកលលាដ៏ខាងលើផ្នែកខាងឆ្វេង បន្សល់នៅកន្លែងកើតហេតុ មានកាំបិតផ្កាក់ដងឬស្សី របូតផ្លែ ជារបស់ជនរងគ្រោះ ៕
