ភ្នំពេញ ៖ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាលកាលពីថ្ងៃ២៦ កក្កដា បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង នៅមន្ទីរសុខាភិបាលខេត្ត។



ក្នុងឱកាសសំណេះសំណាលជាលក្ខណៈគ្រួសារធំ នៃវិស័យសុខាភិបាល រួមជាមួយវត្តមានជាពិសេសពីអាជ្ញាធរមូលដ្ឋាន សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរការខិតខំប្រឹងប្រែងចាប់ពីបុគ្គលិកសុខាភិបាល រហូតដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តស្វាយរៀង ដែលចូលរួមលើកកម្ពស់គុណភាពសេវាថែទាំព្យាបាល ផ្តោតសំខាន់លើអនាម័យ សោភណ្ឌ័ភាពទីតាំងផ្តល់សេវា និងរក្សាបានឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ រីករាយទទួលបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។ សាស្ត្រាចារ្យ បានលើកពីមណ្ឌលសុខភាពគំរូមួយ ក្នុងចំណោមមណ្ឌលសុខភាពទាំងឡាយទូទាំងប្រទេស គឺមណ្ឌលសុខភាពបាសាក់ ដែលអាចដកយកជាបទពិសោធន៍ជូនទៅមណ្ឌលសុខភាពដទៃក្នុងខេត្ត។


ឆ្លៀតឱកាសសំណេះសំណាល សាស្ត្រាចារ្យ បានលើកពីកិច្ចការខ្វះចន្លោះមួយចំនួនដែលសុខាភិបាលខេត្តត្រូវបន្តបំពេញបន្ថែម ដែលក្នុងនោះប្រសិទ្ធិភាព សុវត្ថិភាព និងគុណភាពនៃការថែទាំព្យាបាលអ្នកជំងឺគឺជាអាទិភាពខ្ពស់បំផុត និងបានផ្តល់ជូនកិច្ចការអទិភាពដែលត្រូវចាប់យកមកអនុវត្ត និងតាមដានមើលការវាស់វែងលទ្ធផលនៃការអនុវត្ត រួមមាន៖ បង្កើនការយកចិត្តទុកលើការងារអនាម័យ និងភាពស្អាតក្នុងទីតាំងផ្តល់សេវាថែទាំ ព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្យាបាលឆាប់ជាសះស្បើយ។ ពង្រឹងគុណភាព លើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឲ្យបានត្រឹមត្រូវ។ ពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញដើម្បីឈានទៅការបណ្តុះបណ្តាលជាប់ជាប្រចាំ ។ ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់អោយបានគង់វង្សយូរអង្វែង។ បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ។



ក្នុងនោះលោករដ្ឋមន្រ្តីបន្តថា ក៏ត្រូវត្រៀមទាំងលក្ខណៈបច្ចេកទេស និងធនធានមនុស្ស សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ អ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។ បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាលឲ្យបានល្អ និងនៅរក្សាបានដំណើរការប្រកបដោយគុណភាព និងយូរអង្វែង។

រួមគ្នាគិតពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល។ បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា ទូលំទូលាយសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។


សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងត្រៀមឆ្លើយតបបានទៅនឹងកិច្ចការប្រឈម ដោយបុរេសកម្ម ដើម្បីធានាបានកម្រឹតអតិបរមា កិច្ចការបម្រើសេវាសុខភាពសាធារណៈ ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌៕
