ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ ប្រព័ន្ធអប់រំរបស់យើង មិនអាចបង្រៀនពលរដ្ឋឱ្យចេះអំពីរបៀបគិត និងពិចារណាឱ្យបានពេញលេញ

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបញ្ចេញមតិរបស់បងប្អូនយើងមួយចំនួន តាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិសេស នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាព របស់ពួកគាត់ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ និងភាពសមហេតុផល និងការវិភាគបែបវិចារវិទ្យាសម្ភារៈនិយម និងវិចារវិទ្យាមនោនិយម។

នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ២៩ ខែកក្កដា នេះ លោកបណ្ឌិត គិន ភា បញ្ជាក់ថា« ប៉ុន្តែស្ថានភាពនេះ, មួយផ្នែកបង្ហាញឱ្យឃើញពីចំណុចខ្វះខាត នៃប្រព័ន្ធអប់រំរបស់យើង ដែលមិនអាចបង្រៀនឱ្យប្រជាពលរដ្ឋយើងឱ្យចេះអំពី របៀបគិតនិងពិចារណាឱ្យបានពេញលេញ»។

លោកបណ្ឌិតសង្កត់ធ្ងន់ទៀតថា «ទន្ទឹមនឹងនេះ បណ្ឌិត បញ្ញវន្ត និងវិជ្ជាករដទៃទៀត ក៏មានចំណែកទទួលខុសត្រូវក្នុងរឿងនេះដែរ ដែលមិនបានរួមចំណែកឱ្យសក្តិសម នឹងតួនាទីរបស់ខ្លួនក្នុងរឿងនេះ។ សូក្រាត បាននិយាយថា «ខ្ញុំមិនអាចបង្រៀននរណាម្នាក់អំពីអ្វីមួយនោះទេ ខ្ញុំគ្រាន់តែអាចធ្វើឱ្យពួកគេចេះគិត (I cannot teach anybody anything. I can only make them think)»។

លោកបណ្ឌិតថ្លែងថា៖«ដូច្នេះ ការបង្រៀនឱ្យប្រជាពលរដ្ឋចេះគិត ចេះពិចារណា ជារឿងសំខាន់ណាស់ ប៉ុន្តែ យើងមិនអាចធ្វើបានក្នុងរយៈពេលខ្លីទេ គឺវាត្រូវការពេលវេលាស្ទើរតែមួយជំនាន់មនុស្ស។ បើយើងគិតគូរពីឥឡូវនេះ យ៉ាងហោចណាស់ ២០ទៅ២៥ឆ្នាំខាងមុខ ទើបយើងឃើញលទ្ធផល ពោលគឺត្រូវបណ្ដុះផ្នត់គំនិតមនុស្ស ចាប់តាំងពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ រហូតដល់កម្រិតឧត្តមសិក្សា ឬក្រោយឧត្តមសិក្សា»។

បើតាម លោកបណ្ឌិត គិន ភា ការវិនិយោគទៅលើផ្នត់គំនិតមនុស្ស ជាការវិនិយោគដ៏ត្រឹមត្រូវ ចាំបាច់ និងមិនអាចខ្វះបាន និងមានតម្លៃបន្ថែមខ្ពស់បំផុត។ ការវិនិយោគនេះ ត្រូវតែធ្វើជាប់ជាប្រចាំនិងយូរអង្វែង។ គុណភាពនៃការគិតរបស់ប្រជាពលរដ្ឋបែបណា គុណភាពនៃសង្គមបែបនោះ។

ជាមួយគ្នានោះ លោកបណ្ឌិត បន្ថែមថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការវិនិយោគលើមូលធនមនុស្សត្រូវដើរទន្ទឹមគ្នា ជាមួយនឹងការខិតខំរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ទាំងរាស្ត្រនិងរដ្ឋត្រូវដើរស្រុះជើងគ្នា ក្នុងចង្វាក់បេះដូងតែមួយ ទើបជាតិយើងអាចទៅមុខបានប្រកបដោយ មោទនភាពនិងនិរន្តរភាពជាមួយនឹងសន្តិភាព និងស្ថិរភាពរឹងមាំយូរអង្វែង យុត្តិធម៌សង្គមពេញលេញ និងការអភិវឌ្ឍប្រកដោយបរិយាបន្ន។

លោកបណ្ឌិត ក៏បានសំណូមពរដល់ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយ ត្រូវតែអនុវត្តនូវការប្តេជ្ញាចិត្តរបស់យើងដែលបាន ចារឹកទុកក្នុងរដ្ឋធម្មនុញ្ញរបស់យើងគឺ «ភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ»៕

To Top