ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការ កងយោធពលខេមភូមិន្ទ បានប្រកាសថា ការរុករកឃើញឧទ្ធម្ភាចក្រធ្លាក់ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺកម្លាំងកងទ័ពជាអ្នកឃើញ តាមលក្ខណៈបច្ចេកទេស និងតាមការវិភាគ។
ការអះអាងថា កងទ័ពរកឃើញឧទ្ធម្ភាចក្រ ធ្លាក់កាលពីជិត២០ថ្ងៃមុន ពីសំណាកលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជៀសវាងកុំមនុស្សមួយចំនួននិយាយថា ខ្លួនបានរកឃើញបែបនេះបែបនោះ។ កាលពីរសៀលថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៤ ក្រុមអ្នករុករកបានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញកាលពីថ្ងៃ១២ កក្កដា បន្ទាប់ពីបើកប្រតិបត្តិការ អស់រយៈពេល១៧ថ្ងៃ។ ជាមួយគ្នានេះ ក្រុមអ្នករុករក ក៏បានឃើញសាកសព អាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅក្នុងឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក។
នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នាព្រឹកថ្ងៃទី៣០ កក្កដា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា «ការរកឃើញនេះ ខ្ញុំសូមជម្រាបជូនថា កងទ័ពជាអ្នករកឃើញ មិនមែនអ្នកថា រកឃើញទេ ជៀសវាងអ្នកខ្លះលើកឡើងអំពីថា ខ្លួនរកឃើញចេះ ខ្លួនរកឃើញចុះ។ អានេះជារឿងពិត កងទ័ពបានរកឃើញពិតដោយលក្ខណៈបច្ចេកទេស ការវិភាគត្រឹមត្រូវ ដើម្បីទៅតំបន់ណុង ហើយខ្ញុំគិតថា បើមិនមានការ វិភាគ មិនមានព័ត៌មានពីបច្ចេកវិទ្យាមកខ្លះទេ មិនងាយរកទេ ព្រោះមិនងាយរកទេចំពោះបញ្ហានេះ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្ដថា អ្នកខ្លះបាននិយាយថា ខ្លួនជាអ្នករកឃើញនោះ ក្នុងគោលបំណង ដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ ឲ្យចូលមើលហ្វេសប៊ុករបស់ខ្លួន តែប៉ុណ្ណោះ ប៉ុន្ដែអ្វីជារឿងពិតនោះ គឺក្រសួងការពារជាតិ បានដាក់ចេញយុទ្ធសាស្ដ្រ នៃរុករកឧទ្ធម្ភាចក្រ ៕