ភ្នំពេញ ៖ នាយកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងមុននេះបន្តិចថា ក្រុមការងាររុករកបានរកឃើញ អាកាសយានិកម្នាក់ទៀតដែលបានបាត់ដាន ជាមួយឧទ្ធម្ភាចក្រធ្លាក់កាលពីជិត២០ថ្ងៃមុន ឈ្មោះ ស៊ុន ផល្លា នៅម្ងាយប្រមាណជាជាង២០០ម៉ែត្រ ។
ប៉ុន្តែលោកថា ជាការគួរឲ្យសោកស្តាយអាកាសយានិករូបនេះ បានស្លាប់បាត់បង់ជីវិត។
លោកបានគូសបញ្ជាក់ថា “រកឃើញនៅម៉ោងប្រមាណជា១០កន្លះ នៅក្រោមភ្នំ ហើយស្ថិតនៅចម្ងាយពីកន្លែងធ្លាក់ជាង២០០ម៉ែត្រ”។
បន្ទាប់ពីរកឃើញសាកសពអាកាសយានិកជាអ្នកបើកឧទ្ធម្ភាចក្រដែលបានធ្លាក់កាលពីថ្ងៃ១២ កក្កដា ក្រុមការងារបាននាំគ្នាយកមកឡើងលើជាទីកន្លែងមានសុវត្ថិភាព ដើម្បីបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ។
សូមបញ្ជាក់ថា ក្រោយមានឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រយោធា Z-9 នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំប្រទល់ខេត្តកោះកុង កាលពីជិត២០ថ្ងៃមុន ត្រូវកងទ័ពរកឃើញ តាមលក្ខណៈបច្ចេកទេស កាលពីរសៀលថ្ងៃទី២៩ កក្កដា បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ ការបាត់ចេញពីរាដានេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺនដោយចេញពីរាជធានីភ្នំពេញ ទៅកាន់ថ្មដា ។ ក្នុងឧទ្ធម្ភាគចក្រមានមនុស្ស២នាក់ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់៕