ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមគំនិតផ្តូចផ្តើមការហោះហើរផ្ទាល់ពី កោះសេប៊ូហ្វីពីលីន មកកាន់ទីក្រុងភ្នំពេញ ដែលការផ្តួចផ្តើមនេះ នឹងជំរុញឲ្យមានកំណើនផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគីលើវិស័យផ្សេងៗទៀតផងដែរ។
នេះជាការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា ក្នុងជំនួបជាមួយលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣០ កក្កដា ។
សម្តេច ឃួន សុដារី បានឲ្យដឹងថា វត្តមានរបស់អគ្គរាជរដ្ឋទូតថ្មីនៅកម្ពុជា ជាស្ត្រីនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ហើយមានការងារជាច្រើន និងអាចសហការគ្នាដើម្បីពង្រឹងឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចលើកឡើងថា កម្ពុជា-ហ្វីលីពីន បានធ្វើទំនាក់ទំនងជាមួយគ្នាយូរមកហើយ ។ ប្រទេសទាំង៣តែងតែជួយគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងតំបន់ និងអន្តរជាតិ។
ប្រធានរដ្ឋសភាក៏បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់ខ្លាំងថែមទៀត លើកិច្ចសហប្រតិបត្តិអន្តរវិស័យដូចជាវិស័យអប់រំ សុខាភិបាល កសិកម្ម ក៏ដូចជាដោះស្រា យបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ឬដោះស្រាយនូវការងារដែលកំពុងប្រឈមដូចជាការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតប លោកស្រីទូតបានបញ្ជាក់ថា តួនាទីរបស់លោកស្រីគឺជាស្ពានដើម្បីពង្រឹងទំនាក់ទំនងប្រទេសទំាង២ឲ្យកាន់តែស្អិតរមួតថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចដែលសម្តេចប្រធានរដ្ឋសភាមានប្រសាសន៍។
លោកស្រីបញ្ជាក់ថា សហគ្រិនហ្វីលីពីនបានកំពុងតែចាប់អារម្មណ៍មកលើកម្ពុជា ដូចជាវិស័យ អប់រំ វិស័យកសិកម្ម សុខាភិបាល ។ បើអាចទៅរួចនឹងមានការចុះអនុ ស្សារណៈយោគយល់គ្នានៃការបើកសាលាហ្វីលីពីន និងការវិនិយោគរួមគ្នានៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ អគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលជួយដល់ហ្វីលីពីនក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ដោយកម្ពុជាបានយកចិត្តទុកដាក់ និងជួយបានទាន់ពេលវេលា ។ លោកស្រីប្តេជ្ញាចិត្តក្នុងការធ្វើទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅថែមទៀត ហើយនឹងខិតខំធ្វើយ៉ាងណាហើយឲ្យមានកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតរវាងស្ថាប័ននីតិប្បញ្ញត្តិទាំង២៕