ភ្នំពេញ ៖ ក្រៅពីចូលរួមសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រេងបំផុត ជូនដល់ក្រុមគ្រួសារនៃសពអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីវីរៈភាពរបស់អាកាសយានិកទាំង២រូបនេះថា គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ នៃកងយោធពលខេមរភូមិន្ទទាំងមូលនាយទាហានដ៏មានឆន្ទៈ សមត្ថភាព និងទឹកចិត្តស្នេហាជាតិគួរជាទីសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក ។ នេះបើតាមបណ្តាញតេឡេក្រាមសម្តេចនាថ្ងៃ៣០ កក្កដា ។

ទន្ទឹមគ្នានេះសម្តេចក៏បានថ្លែងអំណរគុណដល់ក្រុមការងាររុករកទាំងអស់ ទាំងថ្នាក់ដឹកនាំ និងកងកម្លាំងរុករកផ្ទាល់ ដែលបានខិតខំពុះពារឥតរុញរា ជម្នះគ្រប់ឧបសគ្គទាំងយប់ទាំងថ្ងៃ ប្រកបដោយទឹកចិត្តតស៊ូក្លាហាន និងហ៊ានលះបង់ រហូតស្វែងរកឃើញទីតាំងកើតហេតុ ដែលជាបេសកកម្មដ៏សែនលំបាក និងប្រកបដោយហានិភ័យនៅក្នុងភូមិសាស្ត្រព្រៃជ្រៅ រួមជាមួយនឹងកត្តាអាកាសធាតុមិនអំណោយផលក្នុងរយៈពេល ១៨ ថ្ងៃកន្លងមកនេះ ។
សូមបញ្ជាក់ថា ក្រោយកើតហេតុបាត់ដានឧទ្ធម្ភាចក្រ នៅព្រំប្រទល់ខេត្តពោធិ៍សាត់និងកុងកោះដែលបើកបរហ្វឹកហ្វឺនដោយអាកាសយានិក ស៊ុន ផល្លា និងអាកាសយានិក ខេង ឆៃយុទ្ធ កាលពីថ្ងៃ១២ កក្កដា កន្លងមក ក្រុមការងាររុករកនៃក្រសួងការពារបានស្វែងរកឃើញពួកគាត់ជាបន្តបន្ទាប់កាលពីថ្ងៃ២៩និង៣០កក្កដា ៕
