ភ្នំពេញ៖ ក្រុមហ៊ុន Golden Port SEZDevelopment Co., Ltd. បានបង្ហាញពីផែនការរបស់ខ្លួនថានឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដោយក្នុងដំណាក់កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។
គម្រោងនេះត្រូវបានបង្ហាញកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងជំនួបពិភាក្សាការងារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd.។

នៅក្នុងឱកាសនោះ លោក កាំង ឡេង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ។

លោកអគ្គលេខាធិការបានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា និងបានជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជារង់ចាំដោយក្តីរីករាយក្នុងការផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុន។

ជាមួយគ្នានោះ លោកអគ្គលេខាធិការបានធ្វើការអធិប្បាយដោយសង្ខេបអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាព បើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

បន្ថែមពីនេះ លោកអគ្គលេខាធិការរូបនេះបានប្រគល់វេទិកាជូនមន្ត្រីជំនាញធ្វើបទបង្ហាញអំពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងនីតិវិធីចុះបញ្ជីវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជូនគណៈប្រតិភូកាន់តែយល់ច្បាស់ពីស្ថានភាពនៃបរិយាកាសវិនិយោគបច្ចុប្បន្ននៅកម្ពុជា និងភាពសាមញ្ញនៃនីតិវិធីស្នើសុំវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស៕

