ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដតាមដានរាល់សកម្មភាពទាំងឡាយ ប្រព្រឹត្តដោយជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញសុខសន្ដិភាព ត្រូវចាត់វិធានការជាបន្ទាន់។
ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា «កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដែលប្រព្រឹត្តដោយជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញសុខសន្ដិភាព ហើយត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ លើសពីនេះ យកចិត្តទុកដាក់ការប្រមូលផ្ដុំគ្នាតវ៉ាផ្សេង ដូចជា បញ្ហាដីធ្លីជាដើម ដែលមិនត្រូវបណ្ដែតបណ្ដោយ ឬអូសបន្លាយនោះទេ ពោលត្រូវចាត់វិធានការបន្ទាន់ភ្លាមៗ»។


បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់បទល្មើសបច្ចេកវិទ្យា ដែលជាបទល្មើសមិនប្រពៃណី ខណៈបទល្មើសនេះក៏ជាក្ដីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅមូលដ្ឋានតែម្ដងដែលការយល់ដឹងនៅមានកម្រិត, បទល្មើសគ្រឿងញៀន ចោរកម្ម ក្មេងទំនើង, គ្រោះថ្នាក់ចរាចរណ៍ជាដើម។ មន្រ្តីនគរបាលមិនត្រូវរំលោភលើតួនាទីភារកិច្ច ដើម្បីតែផលប្រយោជន៍បក្ខពួករបស់ឡើយ។


នាយឧត្តមសេនីយ៍ បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ៕
