សៀមរាប៖ លោកស្រី Flerida Ann Camille p. Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនកម្ពុជា បានបញ្ជាក់ជាថ្មីថានឹងពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុន អាកាសចរ CEBU PACIFIC AIRLINE ដើម្បីសិក្សាអំពីការហោះហើរត្រង់មកកាន់ខេត្តសៀមរាប។
ការសន្យារបស់លោកស្រី Flerida Ann Camille p. Mayo ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ប្រាក់ សោភ័ណ អភិបាលនៃអភិបាលខេត្តសៀមរាប ស្តីពីការហោះហើរត្រង់ពីប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប ពេលខាងមុខឆាប់ៗនេះ។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានស្នើសុំទៅភាគីហ្វីលីពីនឱ្យមានការភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ជាមួយខេត្តសេប៊ូ (CEBU) របស់ប្រទេសហ្វីលីពីន ដែលជាខេត្តមានសក្តានុពលនាំមុខផ្នែកទេសចរណ៍របស់ហ្វីលីពីន រួមជាមួយនឹងការរីកចម្រើនក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀតដែលអាចមកវិនិយោគនៅខេត្តសៀមរាបផ្ទាល់។
ទន្ទឹមនោះ លោកអភិបាលខេត្តពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការលើកឡើងរបស់លោកស្រីទូត និងបន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជំរុញក្នុងវិស័យទេសចរណ៍ វិនិយោគ និងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តសេប៊ូ ដើម្បីឱ្យចេញជាលទ្ធផលផ្លែផ្កាសម្រាប់ជាប្រយោជន៍របស់ប្រជាជនខេត្តសៀមរាប និងប្រជាជនហ្វីលីពីន។


សូមរម្លឹកថា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី Flerida Ann Camille P. Mayo កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤ ក៏បានពិភាក្សាគ្នាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប ដើម្បីជំរុញវិស័យទេសចរណ៍នេះដែរ។

ជាមួយគ្នានោះ ភាគីទាំងពីរបានពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណើនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម, ការជំរុញវិស័យទេសចរណ៍ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ ពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប វិស័យអប់រំ និងវិស័យសំណង់ផងដែរ៕
