ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនរួមមាន ពលករ អ្នកបម្រើការងារ និងសិស្សនិស្សិត បានចេញវីដេអូសម្តែងការគាំទ្រ និងអបអរសាទរយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។
តាមរយៈវីដេអូគាំទ្រការបើកការដ្ឋានព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពលករ អ្នកបម្រើការងារ និងសិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅប្រទេសជប៉ុន មានក្តីជឿជាក់យ៉ាងមុតមាំថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយជំរុញដល់វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនមួយកម្រិតទៀត។
គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបន្ត និងជំរុញការអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
គម្រោងព្រែកជីកនេះនឹងតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គជាមួយនិងផ្លូវសមុទ្រ ដែលផ្តល់ជាប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែរណបផ្សេងៗទៀត។ ជាងនេះទៀត ព្រែកជីកហ្វូណនតេជោ ក៏នឹងជំរុញវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ និងជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ៕