ព័ត៌មានជាតិ

ក្រសួងការងារវាយតម្លៃខ្ពស់ ចំពោះការអនុវត្តច្បាប់ និងការផ្តល់អត្ថប្រយោជន៍ ជូនកម្មករនិយោជិតបានយ៉ាងខ្ជាប់ខ្ជួនរបស់ម្ចាស់រោងចក្រ សហគ្រាស

ភ្នំពេញ៖ តាមការចាត់តាំងរបស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន ៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តីបានចុះជួបជាមួយបងប្អូនកម្មករនិយោជិត និងតំណាងនិយោជកដើម្បីពិនិត្យមើលស្ថានភាពការងារ និងលក្ខខណ្ឌការងារក្នុងរោងចក្រចំនួន ៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  

កម្មវិធីចុះជួបសំណេះសំណាល រួមនិងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ រួមមានរោងចក្រ RONG WIN GARMENT CO.,LTD. ដឹកនាំដោយលោក​សោម អូន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, រោងចក្រ YORKMAR (CAMBODIA GARMENT MFG CO., LTD. ដឹកនាំដោយ លោក​ សាត សមុទ្រ រដ្ឋលេខាធិកា, រោងចក្រ វ៉ាសថ៍ អឹភែរឹល (ខេមបូឌា) ដឹកនាំ លោក​ លូ លីឃីម រដ្ឋលេខាធិការ។

នៅក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ RONG WIN GARMENT CO.,LTD. ស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ លោក​ សោម អូន បានពិនិត្យឃើញថា ម្ចាស់សហគ្រាសបានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អអត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករបានត្រឹមត្រូវស្របតាមច្បាប់ការងារ។ ក្នុងនោះ ភាគីរោងចក្របានផ្តល់ដូចជា ប្រាក់ឈ្នួលគោលអប្បបរមា ២០៤ ដុល្លារក្នុងមួយខែ, ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ ១០ ដុល្លារក្នងមួយខែ, ប្រាក់រង្វាន់អតីតភាពការងារ, ថ្លៃស្នាក់នៅ, សោហ៊ុយធ្វើដំណើរ, ប្រាក់ថ្លៃបាយថ្ងៃត្រង់, ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។

លោករដ្ឋលេខាធិការក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ ក្នុងការលើកកម្ពស់សុខដុមណីយកម្មនៅតាម គ្រឹះស្ថាន រោងចក្រ សហគ្រាស។ បន្ថែមពីនោះលោកក៏បានស្នើឱ្យម្ចាស់រោងចក្រ RONG WIN GARMENT CO.,LTD បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចដែលត្រូវបានកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់របស់កម្ពុជាផងដែរ។

ដោយឡែក ក្នុងការចុះសំណេះសំណាល ពិនិត្យស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅរោងចក្រកាត់ដែរសម្លៀកបំពាក់ YORKMAR (CAMBODIA GARMENT MFG CO., LTD. ស្ថិត ខណ្ឌពោធិ៍សែនជ័យ លោក​ សាត សមុទ្រ បានជួបសំណេះសំណាលជាមួយតំណាងម្ចាស់រោងចក្រ និងបានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង ផ្នែក QC(ការពិនិត្យគុណភាព) និងពេទ្យសង្គ្រោះផងដែរ។

លោក​ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទ្ធស្នាល។ ទន្ទឹមនេះ លោកបានស្នើឱ្យម្ចាស់រោងចក្រសូមបន្តយយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ។

ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រមាណ ៩០០នាក់ ដែលកំពុងបំពេញការងារនៅរោងចក្រ វ៉ាសថ៍ អឹភែរឹល (ខេមបូឌា). ស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យ លោក​ លូ លីឃីម បានកត់សំគាល់ឃើញថា ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិតជាមួយនិយោជកមានភាពល្អប្រសើរ ខណៈដែលម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់។

លោកបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច៕

To Top