ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិក ឲ្យអស់ពីសហគមន៍ និងទន្លេ ដើម្បីភាពស្អាត បៃតង និងមានការអភិវឌ្ឍដោយចីរភាព។
ការលើកឡើងរបស់លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត នាឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរបរិស្ថានក្រចេះ នាថ្ងៃ៣០ កក្កដា ដើម្បីពង្រឹងការអនុវត្តការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ។
លោករដ្ឋមន្រ្តីបញ្ជាក់ លើភាពជឿជាក់ថា ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត នឹងបន្តចូលរួមជា មួយយុទ្ធនាការក្រសួងបរិស្ថាន មួយជំហានមួយជំហាន ការសម្អាតសំរាម សំណល់ប្លាស្ទិក ពីព្រោះថា បរិស្ថាននៅជុំវិញគ្រប់គ្នា ដើម្បីសម្រេចបាន ភាពស្អាត ភាពបៃតង លើកកម្ពស់សុខភាពល្អ ក្នុងការទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ ឲ្យចូលមកទស្សនាកម្ពុជា ដើម្បីលើកកម្ពស់កិត្តិយសគុណភាពបរិស្ថាននៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា «លើកទឹកចិត្តដល់អាជ្ញាធររាជធានីខេត្ត និងប្រជាពលរដ្ឋឲ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឲ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត បៃតង និងមានការអភិវឌ្ឍដោយចីរភាព»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការក្រសួងបរិស្ថាន បានជំរុញការប្តេជ្ញាចិត្ត ដក់ជាប់នៅក្នុងចិត្ត ហើយកែប្រែផ្នត់គំនិត ដើម្បីភាពស្អាត បន្ទាប់មកការប្តេជ្ញាចិត្តបានក្លាយជាបណ្តើរៗ ជាចលនាផុសផុល នោះទម្លាប់នៃភាពស្អាត នឹងកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប ហើយបន្តភាពស្អាតនៅកម្ពុជា តទៅកូនចៅជានិរន្តរ៕