ព័ត៌មានជាតិ

ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបន្ដចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយនៅក្នុងសង្គម និងត្រូវរាយការមកកាន់សមត្ថកិច្ចពេលឃើញមានបទល្មើសកើតឡើង ។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦២ នៅថ្ងៃ៣០ កក្កដា លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ដោយត្រូវធ្វើជាពលរដ្ឋល្អ មហាជនល្អ ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការ សហការដើម្បីឆ្លើយតបបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯកបន្តថា ភ្នាក់ងារសន្ដិសុខឯកជននៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់តាមរយៈលេខទូរស័ព្ទ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

បន្ថែមពីនេះ លោកផ្តាំទៅភ្នាក់ងារសន្ដិសុខឯកជនដែលទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញវិញថា ត្រូវប្រកាន់ខ្ជាប់ឥរិយាបថសមរម្យ ក្នុងការចូលរួមធ្វើការងារ គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ៖ ត្រូវមានវិន័យ​ , ក្រមសីលធម៌ , ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

លោកឧត្តមសេនីយ៍ឯក ក៏អំពាវនាវដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា បន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា។ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន៕

To Top