ព័ត៌មានជាតិ

ពលរដ្ឋ អាចស្នើកែតម្រូវ អត្តសញ្ញាណកម្ម ក្នុងមូលដ្ឋានសាមី មិនចាំបាច់ដល់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដើម្បីកាត់បន្ថយពេលវេលា

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) អំពាវនាវប្រជាពលរដ្ឋចង់កែតម្រូវ ឬមោកភាព អត្រានុកូលដ្ឋាន ឬអត្តសញ្ញាណប័ណ្ណ អាចស្នើតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន ដោយមិនចាំបាច់ឡើង ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណ នៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយចំណាយពេលវេលា និងថវិកាជាដើម ។

ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ នៅថ្ងៃទី៣០ កក្កដា លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានថ្លែងថា ជារៀងរាល់ថ្ងៃនៅតែមានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ធ្វើដំណើរទៅដល់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដើម្បីស្នើសុំកែតម្រូវ ឬធ្វើមោកភាពអត្តសញ្ញាណកម្ម ដែលថ្ងៃខ្លះមានរហូតដល់ជាង ៥០០នាក់ ខណៈមន្ត្រីធ្វើលើការងារនេះមានចំនួនតិច ពិបាកក្នុងការផ្ដល់សេវា ។

លោកឧត្តមសេនីយ៍ឯកបន្ដថា ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវជួយធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋបន្ថែម ដើម្បីឲ្យពួកគាត់បានដឹង និងអាចស្នើសុំកែតម្រូវ ដោយអនុវត្តទៅតាមនីតិវិធី នៃសេចក្តីណែនាំលេខ ០០៦ ។

ជាមួយនេះ លោកឧត្តមសេនីយ៍ឯក គូសបញ្ជាក់ថា មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ជៀសវាងការអនុវត្តការងារអត្តសញ្ញាណកម្ម ដែលផ្ទុយពីការកំណត់ របស់ច្បាប់ ពីព្រោះច្បាប់ថ្មី ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានចែងពីទោសបញ្ញត្តិ លើការអនុវត្តការងារ របស់មន្ត្រីផ្តល់សេវា ។

ឧត្តមសេនីយ៍ឯក បន្ថែមថា រាជរដ្ឋាភិបាលបានតម្កល់ឆន្ទៈ ផ្នែកនយោបាយយ៉ាងរឹងមាំ ក្នុងការបន្តជំរុញ និងពង្រីកការអនុវត្តកំណែ ទម្រង់ការងារ អត្តសញ្ញាណកម្មនេះ ពោលគឺទាំងកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំងយុទ្ធសាស្ត្របញ្ចកោណ បានផ្ដល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម និងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឲ្យទទួលបានលទ្ធផលតាមការគ្រោងទុក ។

ក្នុងក្របខណ្ឌនៃកំណែទម្រង់ការងារអត្តសញ្ញាណកម្ម សម្រាប់រយៈពេលវែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្មរយៈពេល ១០ឆ្នាំ (២០១៧-២០២៦) ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឲ្យបានគោលដៅ “បុគ្គលម្នាក់មាន អត្តសញ្ញាណតែមួយ” និង “មនុស្សទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ដែលមានភាពទំនើប មានមុខងារល្អ មានការឆ្លើយ តបស្របតាមស្តង់ដាអន្តរជាតិ និងអាចធានាបានថា បុគ្គលគ្រប់រូបរស់នៅកម្ពុជា នឹងមានអត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋាន បានត្រូវផលិតយ៉ាងត្រឹមត្រូវ ទាន់ពេលវេលា អាចជឿទុកចិត្ត និងអាចចែករំលែកបាន៕

To Top