ព័ត៌មានជាតិ

យុវជនចេញមុខ ពន្យល់រឿង CLV យ៉ាងសាមញ្ញ ដើម្បីកុំឱ្យយុវជនខ្លះ ជឿការញុះញង់ ដោយគ្មានមូលដ្ឋាន

ភ្នំពេញ ៖ ក្រោយការផ្ទុះ ប្រតិកម្មរឿង តំបន់ត្រីកោណ(CLV) យុវជនបានចេញមុខពន្យល់ រឿងការយល់ច្រឡំនេះ យ៉ាងសាមញ្ញបំផុត ដើម្បីជាធាតុចូល នៃការគិតដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឱ្យបានយល់ និងកុំឱ្យជឿ តាមការញុះញង់របស់បុគ្គលណា និងក្រុមណា ដែលចង់បំផុស ឱ្យមានចលនាប្រឆាំង និងរិះគន់ដោយប្រាសចាក ស្រឡះពីការពិត ។

តាមរយៈផេក ដែលមានឈ្មោះថា NHOR OUDOM យុវជនខ្មែររូបនេះ អះអាងថា ប្រសិនបើខេត្តទាំង៤ របស់កម្ពុជា ត្រូវបានកាត់ឱ្យទៅប្រទេសផ្សេង ឬវៀតណាមមែននោះ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំ និងមេភូមិ ប្រាកដជាត្រូវផ្លាស់ប្តូរដាក់ជនជាតិផ្សេង ប៉ុន្តែបច្ចុប្បន្នពលរដ្ឋ និងអាជ្ញាធរ គឺសុទ្ធតែជាជនជាតិខ្មែរ គ្មានជនជាតិវៀតណាម មកកាន់កាប់ឯណា ហើយពលរដ្ឋនៅក្នុងខេត្ត នៅតែកាន់អត្តសញ្ញាណខ្មែរដដែល ។ ដូចនេះ គ្មានហេតុផលណាថា ខេត្តជាប់ព្រំដែនទាំង៤ ដែលរួមមានរតនៈគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង គឺត្រូវបានកាត់ឱ្យវៀតណាមនោះទេ ។

យុវជនដដែល ក៏បានអំពាវនាវដែរថា សូមយុវជនខ្មែរត្រូវគិតពិចារណាឱ្យបានច្បាស់លាស់ មុនប្រតិកម្មអ្វីមួយជាពិសេសរឿងទឹកដីនេះ ដែលជាបញ្ហារសើប ហើយថា យុវជនកម្ពុជា ដែលមានចំណេះដឹងទាំងអស់ ត្រូវទាញយកហេតុផលមកគិតពិចារណា ឱ្យសមហេតុផលមុននឹងប្រតិកម្ម ព្រោះការប្រតិកម្មខ្លះ នាំមកនូវការខាតបង់ ឬជាការជាប់អន្ទាក់របស់ជន ឬក្រុមនយោបាយមួយក្តាប់តូចតែប៉ុណ្ណោះ៕

To Top