ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាល ចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតួនាទី ធ្វើយ៉ាងណាប្រកប ដោយសីលធម៌ គុណធម៌ ទន់ភ្លន់ និងម៉ឺងម៉ាត់ ព្រមទាំងបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ កក្កដា នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជា ដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ តាមដានរាល់សកម្មភាពទាំងឡាយ ដែលប្រព្រឹត្តដោយជនអគតិមួយ ចំនួនដែលមានចេតនា បំផ្លាញសុខសន្ដិភាព ហើយត្រូវចាត់វិធានការ ផ្លូវច្បាប់ជាបន្ទាន់។ លើសពីនេះ យកចិត្តទុកដាក់ការប្រមូលផ្ដុំគ្នាតវ៉ាផ្សេង ដូចជាបញ្ហាដីធ្លី មិនត្រូវបណ្ដែតបណ្ដោយ ឬអូសបន្លាយនោះទេ ពោលត្រូវចាត់វិធានការបន្ទាន់ភ្លាមៗ។
នាយឧត្តមសេនីយ៍បានណែនាំឲ្យយកចិត្តទុកដាក់បទ ល្មើសបច្ចេកវិទ្យា ដែលជាបទល្មើសមិនប្រពៃណី ខណៈបទល្មើសនេះក៏ជាក្ដីកង្វល់ របស់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅមូលដ្ឋានតែម្ដងដែលការយល់ដឹងនៅមានកម្រិត, បទល្មើសគ្រឿងញៀន ចោរកម្ម ក្មេងទំនើង, គ្រោះថ្នាក់ចរាចរណ៍ជាដើម។ មន្រ្តីនគរបាលមិនត្រូវរំលោភលើតួនាទីភារកិច្ច ដើម្បីតែផលប្រយោជន៍បក្ខពួករបស់ឡើយ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គូសបញ្ជាក់ថា «ត្រូវយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្ត ប្រកបដោយសីលធម៌ គុណធម៌ ទន់ភ្លន់ ម៉ឺងម៉ាត់ និងត្រូវបម្រើសេវា ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានប្រកប ដោយការទទួលខុសត្រូវ។ លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ»។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញ នូវការណែនាំមួយចំនួនបន្ថែមទៀត ដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដូចជា ៖ គ្រប់គ្រងកម្លាំងទាំងអស់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយត្រូវពិនិត្យមើលសុខទុក្ខ ជម្រកស្នាក់នៅ ការហូបចុក ហ្វឹកហ្វឺន វិន័យកងជួរឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ពង្រឹងរបៀបរបបការងារ ត្រូវមានរបបប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ។ បែងចែកប្រគល់ភារកិច្ចឲ្យស្នងការរងនីមួយៗ ទទួលតាមការងារជំនាញ ក្នុងនោះមានទាំងស្នងការរងទទួលផែន ទទួលការិយាល័យ និងអធិការដ្ឋាននគរបាលក្រុងស្រុក ។ ត្រួតពិនិត្យវត្តមានជាប្រចាំ ដើម្បីតាមដានការបំពេញការងាររបស់កម្លាំង ជៀសវាងការចុះហត្ថលេខាជំនួសគ្នា។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព រក្សាការសម្ងាត់ផ្ទៃក្នុង៕
