ភ្នំពេញ ៖ លោក Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយមហាអយ្យការអមតុលាការកំពូលកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។


ការប្តេជ្ញារបស់លោកអគ្គរដ្ឋអាជ្ញាឡាវនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៣១ កក្កដា ។

ក្នុងជំនួបលោក Xaysana Khotphouthone បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនឹងមហាអយ្យការអមតុលាការកំពូលកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកអគ្គរដ្ឋអាជ្ញា ក៏បានជម្រាបអំពីលទ្ធផលសំខាន់ៗដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) ការសម្រេចបាននូវការចុះអនុស្សរណៈ នៃការយោគយល់គ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអយ្យការប្រជាជនកំពូលឡាវ និងមហាអយ្យការអមតុលាការកំពូលកម្ពុជា , (២) ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្តការចែករំលែកបទពិសោធន៍ និងព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន និង(៣) ការបន្តជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឡាវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សម្តេចធិបតីក៏បានលើកទឹកចិត្តឲ្យមានការបន្តកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអនុវត្តច្បាប់រវាងប្រទេសទាំង២៕
