ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
ប្រភពដដែល បញ្ជាក់ថា «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈរយៈពេល ៤៦ខែ ដែលក្នុងនោះការអនុវត្តពេញលេញរយៈពេល ៤៣ខែ (ខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្តចាកចេញពី កម្មវិធីមានរយៈពេល ៣ខែ (ខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០ រៀល ឬស្មើនឹង ១ ៣៥៩,៦២លានដុល្លារអាម៉េរិក»។
កន្លងមក ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព និងប្រតិតុល្យការនៃការអនុវត្តកម្មវិធី, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំការវាយតម្លៃ ជាប្រចាំសម្រាប់ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់» នេះ រួមមានទាំងការវាយតម្លៃកម្មវិបាករបស់កម្មវិធីលើសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និងការវាយតម្លៃលើដំណើរការនៃការអនុវត្តកម្មវិធីផងដែរ ។
ក្រោយពីបានបិទបញ្ចប់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ, រាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ឲ្យអនុវត្ត «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» តាមរយៈការធ្វើស្ថាប័នូបនីយកម្ម និងសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមទាំងអស់ ដើម្បីពង្រីកការគ្របដណ្ដប់, បង្កើនប្រសិទ្ធភាព, និងការវិនិយោគហិរញ្ញវត្ថុ ជាមួយនឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ៕