ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ ដែលកងទ័ពនៃសាធារណរដ្ឋ ប្រជាមានិតចិន សម្រេចបាន ក្នុងរយៈកាល ៩៧ឆ្នាំ ដែលនេះគឺជាសមិទ្ធិផលដ៏ធំធេង ផុសចេញពីការតស៊ូ យ៉ាងអង់អាចក្លាហាន ពុះពាររាល់ឧបសគ្គរបស់វីរកងទ័ព និងប្រជាជននៃសាធារណរដ្ឋ ប្រជាមានិតចិន ក្នុងកិច្ចការពារបូរណភាពដែនដី។
ថ្លែងក្នុងឱកាសបុណ្យខួបអនុស្សាវរីយ៍ លើកទី៩៧ នៃថ្ងៃបង្កើតកងទ័ព សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ & ម៉ូន (Sun & Moon Riverside Hotel) លោកឧត្តមសេនីយ៍ឯក ផាត វាបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសាទរយ៉ាងក្លៀវក្លា ស្មោះស្ម័គ្រជាទីបំផុត ព្រមទាំងប្រសិទ្ធិពរជ័យមង្គល បវរមហាប្រសើរ ជូនចំពោះ នាយទាហាន នាយទាហានរង ពលទាហាន និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន សូមមានសុខភាពល្អ និងទទួលបានជោគជ័យធំៗថ្មីៗថែមទៀត ជូនប្រទេសជាតិ និងប្រជាជនចិនជាបងប្អូន។




លោកឧត្តមសេនីយ៍ឯក បានរំលេចឡើងខ្លះៗនូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិកាយោធា កម្ពុជា-ចិន រយៈពេលកន្លងមក និងបានអរគុណ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចជាកាល តែងជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេង ដល់កម្ពុជា និយាយរួម និងដោយឡែក ចំពោះកងយោធពលខេមរភូមិន្ទ ដើម្បីឈានឡើង ជាបណ្តើរៗ ក្លាយជាទំនើបកម្មយោធា។ នេះជាសក្ខីភាពបង្ហាញឱ្យឃើញយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងកងទ័ពនិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ចិន។


លោក បានបន្តថា «ខ្ញុំ សូមវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែលកងទ័ព និងប្រជាជននៃសាធារណរដ្ឋ ប្រជាមានិតចិន សម្រេចបាន ក្នុងរយៈកាល៩៧ឆ្នាំកន្លងមកនេះ ទាំងនេះគឺជាសមិទ្ធិផលដ៏ធំធេងដែល ផុសចេញពីការតស៊ូយ៉ាងអង់អាចក្លាហាន ពុះពាររាល់ឧបសគ្គរបស់វីរកងទ័ព និងប្រជាជននៃសាធារណរដ្ឋ ប្រជាមានិតចិន ក្នុងកិច្ចការពារបូរណភាពដែនដី ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ទំនើបកម្ម កងទ័ព និងប្រទេសជាតិរបស់ខ្លួន»។






គួរឱ្យដឹងថា ស្ថានទូតចិនប្រចាំនៅកម្ពុជា បានរៀបចំអបអរខួបអនុស្សាវរីយ៍ លើកទី៩៧ នៃថ្ងៃបង្កើតកងទ័ព សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជេីញចូលរួម ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , លោក Wang Wenbin (វ៉ាង វិនពិន) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា , លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, លោកវរសេនីយ៍ឯកពិសេស Tang Hao (ថាង ហាវ) នាយការិយាល័យអនុព័ន្ធយោធា អមស្ថានទូតចិន ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ ជាច្រេីនរូបទៀត ផងដែរ៕
