ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារធុរកិច្ច ដែលសហការរៀបចំឡើងដោយភាគី ហុងកុង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមមូលបទ «ការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ ៖ ភាពជាដៃគូរវាង ហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា»។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចូលរួមក្នុងពិធីដ៏មនោរម្យនាឱកាសនេះ ដោយបានរំលេចអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ, និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា វិនិយោគិនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាសមិទ្ធិលទ្ធភាពលើវិស័យ និងសកម្មភាពវិនិយោគ ដែលមានសក្តានុពល ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។



សូមរំលឹកថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្ត្រី, លោកឧបនាយករដ្ឋមន្ត្រី និង លោក John KC Lee ក៏បានឆ្លៀតយកឱកាស នៃពិធីពិសាអាហារធុរកិច្ចអញ្ជើញជាសក្ខីភាព នៃពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នាសរុបចំនួន១១ រវាងក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលឯកសារទាំងនេះមានវិសាលភាពគ្របដណ្តប់លើការងារសហប្រតិបត្តិការ វិនិយោគ, ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ហិរញ្ញវត្ថុ, ការតភ្ជាប់, និងអាកាសចរណ៍ស៊ីវិល៕
