ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកបដោយផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាជន ។

ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នៅថ្ងៃ៣១ កក្កដា នាទីស្តីការក្រសួងមហាផ្ទៃ លោក ស សុខា និងលោក សាយ សំអាល់ សហប្រធានគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានវាយតម្លៃខ្ពស ចំពោះការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី ដែលបានសម្រេចដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីចំនួន៣១កន្លងទៅ ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាព រៀបចំស្នើសុំការសម្រេច ពីរាជរដ្ឋាភិបាលបន្ថែម ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តបន្ទាប់។

លោក ស សុខា និង លោក សាយ សំអាល់ ក៏បានចាត់ទុកថា ការរៀបចំដែនដី និងប្លង់គោលនេះ ពិតជារួមចំណែក ក្នុងការពារ ការទន្ទ្រានដីកម្មសិទ្ធិសាធារណៈ និងឯកជនរបស់រដ្ឋ ទប់ស្កាត់ទំនាស់ដីធ្លី ពិសេសរួមចំណែក ដ៏សំខាន់ ក្នុងសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ កសិកម្ម និងទីផ្សារអចលវត្ថុ ដែលប្រភពចំណូល ដ៏សំខាន់នៃខឿនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីទាំង២ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទាំង២ឲ្យបន្តសហការគាំទ្រ ចូលរួមសហការបណ្តុះបណ្តាល ប្រមូលធាតុចូល និងបង្កើនសមត្ថភាពជំនាញសម្រាប់ការងាររៀបចំផែនការ អនុវត្តផែនការ និងតាមដានត្រួតពិនិត្យការអនុវត្តផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រោមជាតិផងដែរ៕

