ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកវេទិកា ស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិន អាស៊ានឆ្នាំ២០២៤។
វេទិកាសហគ្រិន និងរង្វាន់សហគ្រិន អាស៊ានឆ្នាំ២០២៤ មានការអញ្ជើញ ចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិន មកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ាន ប្រមាណជាង៣០០នាក់ ។ នេះជាលើកដំបូង ហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិន អាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។
កម្មវិធី ASEAN Women Entrepreneurs Network Award (AWEN Award) ត្រូវបានបង្កើតឡើង ក្នុងគោលបំណង តំណាងឲ្យស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ នៅក្នុងរដ្ឋជាសមាជិកអាស៊ានដោយផ្ដោតទៅលើ ៖ ការបង្កើតវេទិកាក្នុងតំបន់ , ការគាំទ្រ សហគ្រិនស្ត្រីអាស៊ាន ឲ្យមានលទ្ធភាព ទទួលបានគ្រឹះស្ថាន ហិរញ្ញវត្ថុកាន់ តែប្រសើរឡើង , ផ្តល់ឱកាសឲ្យសហគ្រិនទាំងនេះ បង្កើតបណ្តាញ សហគមន៍យ៉ាងរឹងមាំមួយ និង បង្កើតមូលនិធិសម្រាប់ គំនិតអាជីវកម្មច្នៃប្រឌិត នានាឲ្យទទួលបានជោគជ័យ ៕