ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងប្រកាសដាក់ចេញគម្រោង កម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវ ក្នុងឆ្នាំ២០២៥។
នាឱកាសអញ្ជើញជាអធិបតី នៃពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី៣១ កក្កដា លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងថា តាមរយៈគម្រោងនេះក្រសួង ជំរុញឲ្យមានការប្រឡងប្រណាំងរបស់អាជ្ញាធររាជធានីនិងខេត្តនានានៅកម្ពុជា ដើម្បីចូលរួមបំផុសគំនិតស្អាត គ្មានសំរាមប្លាស្ទិកនៅតាមផ្លូវក្នុងឆ្នាំ២០២៥ ។ ជាមួយគ្នានេះ ខេត្តណាដែលមិនមានសំរាមប្លាស្ទិកនៅតាមផ្លូវនឹងទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួងបរិស្ថាន។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សំណាក់សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជធានី ខេត្តទូទាំងប្រទេស គឺផ្តើមចេញពីការចូលរួមប្តេជ្ញាចិត្ត និងការចូលរួមធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន និងចូលរួមប្លាស្ទិកយ៉ាងផុសផុល។
សូមរំលឹកថា តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក” របស់ក្រសួងបរិស្ថាន មានប្រជាពលរដ្ឋជាង ៨,៧ លាននាក់ហើយបានចូលរួមនិងបានធ្វើឲ្យកម្ពុជាស្អាតមិនមានសំរាមប្លាស្ទិក ។ ទន្ទឹមនឹងនេះ ក៏បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកប្រមាណជាង ៧០% នៅដើមឆ្នាំ២០២៤៕