ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឲ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិតពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស តាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើស បានទាន់ពេលវេលា ។
ការលើកឡើង របស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ រួមជាមួយ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានចាត់ទុកថា ការផ្តល់របាយការណ៍ និងព័ត៌មានពិតមានសារៈសំខាន់ក្នុងការតាមដាន សម្រេចចិត្ត តម្រង់ទិសការងារ និងបង្ក្រាបប្រភពមេក្លោង ជួយដូរមនុស្សឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និង ភាគីពាក់ព័ន្ធទាំងអស់ គឺជាតួអង្គ ដែលត្រូវទទួលខុសត្រូវការងាររួមគ្នា ដោយពុំអាចខ្វះដៃគូកិច្ចសហប្រតិបត្តិការណាមួយឡើយ ដោយសារអំពើជួញដូរមនុស្សជាចរន្ត នៃឧក្រិដ្ឋកម្មឆ្លងដែនសកល ដែលជនល្មើសបានបង្កើតជាបណ្តាញប្រទាក់ក្រឡាគ្នាយ៉ាងរឹងមាំ បង្កប់នៅគ្រប់ទិសទី និងមានលទ្ធភាពកាន់តែធំ មធ្យោបាយកាន់តែទំនើបក្នុងការប្រព្រឹត្តបទល្មើស តាមគ្រប់រូបភាព ជាពិសេសគឺប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីអូសទាញទឹកចិត្តជនរងគ្រោះ។ ហើយក៏ជាទីកន្លែងដែលជនល្មើស ងាយស្រួលបិទបាំងសម្មភាពបំផុតដែរ»។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា និងតួអង្គពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតដល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវបំពេញតួនាទី ភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដោយត្រូវតាមដាន វាយតម្លៃ អប់រំ និងផ្សព្វផ្សាយព័ត៌មាន តាមរយៈការប្រជុំរាយការណ៍ប្រចាំខែ ឲ្យបានទូលំទូលាយពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស។ លទ្ធផលការងារនេះ ត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ត្រឹមថ្ងៃទី២៧ ជារៀងរាល់ខែ ដើម្បីបូកសរុបជូនគណៈកម្មាធិការជាតិបានទាន់ពេលវេលា។
ចំពោះលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងដែរថា ផែនការយុទ្ធសាស្រ្តជាតិនេះ គឺមានទស្សនវិស័យ គោលដៅ គោលបំណងច្បាស់លាស់ ដោយបានកំណត់នូវសូចនាករ និងលទ្ធផលរំពឹងទុក ជាក់លាក់ងាយស្រួលដល់ការអនុវត្ត។ សកម្មភាពទាំងអស់ នឹងត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពជំនាញតាមវិស័យនីមួយៗបទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញឲ្យគ្នាទៅវិញទៅមក ៕