ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធនាគារ ដាក់ចេញវិធានការត្រៀម ឆ្លើយតបគ្រោះទឹកជំនន់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការត្រៀម ឆ្លើយតបគ្រោះទឹកជំនន់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ។
ការដាក់ចេញវិធានការនេះបន្ទាប់ពី ឥទ្ធិពលធាតុអាកាសសកល ធ្វើឲ្យមានការប្រែប្រួលរដូវកាល ការកើនឡើងនូវរលក កំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងបង្កឲ្យកើតមានគ្រោះធម្មជាតិ ជាញឹកញាប់។

តាមរយៈសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា «អាស្រ័យដោយឥទ្ធិពលធាតុអាកាសសកល ធ្វើឲ្យមានការប្រែប្រួល រដូវកាល ការកើនឡើងនូវរលក កំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងបង្កឱ្យកើតមាន គ្រោះធម្មជាតិ ជាញឹកញាប់ ជាពិសេសគ្រោះទឹក ជំនន់ ដែលធ្វើឱ្យខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងគំរាមកំហែងដល់ដំណើរ ការឃុំឃាំងជន ជាប់ឃុំ»។

ដើម្បីត្រៀមឆ្លើយតប និងកាត់បន្ថយ ឲ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះ ទឹកជំនន់ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការណែនាំលោក លោកស្រីប្រធានមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី ខេត្ត ដូចជា ៖ ពិនិត្យស្ថានភាពភូមិសាស្ដ្រ និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ, ការត្រៀមមធ្យោបាយឧបករណ៍សម្ភារទប់ទល់ទឹកជំនន់, ការត្រៀមមធ្យោបាយឧបករណ៍ សម្ភារសន្ដិសុខ និងសង្គ្រោះ, ការប្រើប្រាស់កម្លាំង និងវិធានការឆ្លើយតបគ្រាអាសន្ន, ពិនិត្យវាយតម្លៃផលប៉ះពាល់ ដោយគ្រោះទឹកជំនន់៕

To Top