ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីជំងឺផ្តាសាយបក្សីលើក្មេងប្រុសអាយុ ៤ឆ្នាំ និងត្រូវបានបញ្ជាក់ ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៉ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ សីហា បានឲ្យដឹងថា ក្មេងប្រុសនេះ មានគ្រុនក្តៅ ក្អក ហត់ ពិបាកដកដង្ហើម និងសន្លឹម ។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការ ថែទាំយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១២ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិ និងនៅផ្ទះអ្នកជំងឺ មានមាន់ទាងាប់ចំនួនជាច្រើនក្បាល និងជាហូរហែ ហើយបានយក មកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាល់និងកាន់មាន់ងាប់ ព្រមទាំងចូលចិត្តលេងជាមួយមាន់ទា។
ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង បរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវ យ៉ាងសកម្មលើការកើតឡើង នូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និង មនុស្ស និងបន្ត ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន លើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាក ដកដង្ហើម និងមានប្រវត្តិធ្លាប់ បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និង ត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅ តាមមូលដ្ឋាន សុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។
សូមបញ្ជាក់ថា របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅ មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
វិធានការបង្ការ៖ សូមលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និង បន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំ បរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើ សម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕