ភ្នំពេញ ៖ ឆ្លើយតបនឹងចម្ងល់របស់សាធារណជន ចំពោះបញ្ហាប្រាក់ដុល្លារអាមេរិកមានសភាពរហែក ឬចាស់ ហេតុអ្វីទទួលបានតែនៅខេត្តសៀមរាប មិនព្រមអនុវត្តនៅទូទាំងប្រទេស ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបញ្ជាក់ថា ដោយសារការទទួលយកក្រដាសប្រាក់ដុល្លាររហែក ឬចាស់ ដើម្បីយកទៅប្តូរក្រដាសប្រាក់ថ្មី ពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិដែលត្រូវការចំណាយថវិកាច្រើន ។
នៅលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី២ សីហា សម្តេចធិបតីបានអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាសប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។
ក្នុងនោះសម្តេចធិបតី បានលើកឡើងថា ក៏មានពលរដ្ឋជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង?។
ឆ្លើយតបករណីនេះ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិដែលត្រូវការចំណាយថវិកាច្រើន ការដាក់ឲ្យអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន”។
សម្តេចធិបតីថា “ហេតុដូច្នេះការដាក់ឲ្យអនុវត្តនៅខេត្តសៀមរាបនេះ ជាជំហានសាកល្បង (pilot) ដើម្បីធនាគារជាតិ អាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឲ្យបានជាក់លាក់ មុននឹងប្រកាសដាក់ឲ្យអនុវត្តគោលការណ៍ថ្មីនេះ នៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ”។
សូមរំលឹកថា កាលពីថ្ងៃ១៨ កក្កដា សម្ដេចធិបតីបានណែនាំធនាគារជាតិទម្លាក់លក្ខខណ្ឌមួយចំនួន ចំពោះការចាយវាយក្រដាសប្រាក់ដុល្លារដែលមានភាពទក់ ឬមានស្នាមតិចតួច ដើម្បីផ្តល់ភាពងាយស្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋនៅសៀមរាប។
ក្រោយពីមានការណែនាំពីសម្តេចនាយករដ្ឋមន្ត្រី ធនាគារជាតិកម្ពុជា នាថ្ងៃទី២១ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយតម្រូវឲ្យធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ដោយមិនត្រូវទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន ៕