ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជួបសំណេះសំណាល​ ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកំពត

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងប្រតិភូអមដំណើរនៅថ្ងៃ១ សីហា បានជួបសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការបុគ្គលិកសុខាភិបាល ជាថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត នៅសាលាខេត្តកំពត។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តីបានអរគុណ ចំពោះកិច្ចខិតខំបំពេញការងារ នៃបុគ្គលិកសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងមូល ទាំងមុនជំងឺឆ្លងកាចសាហាវសាកល Covid-19 និងជាពិសេសកំឡុងCovid-19 ដែលជាវីរៈភាពរួមជាធ្លុងមួយ ជាមួយសហភាតរសុខាភិបាល ទូទាំងប្រទេស និងអន្តរវិស័យ។ សាស្រ្តាចារ្យ បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា សាមគ្គីភាពភាពទូលាយ និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ។

សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកបញ្ជាក់ពីមន្ត្រី ដឹកនាំក្នុងវិស័យសុខាភិបាល នៃខេត្ត អំពីអ្វីដែលត្រូវប្រុងប្រយ័ត្នឲ្យកើតមាន និងកាន់តែកុំឲ្យទៅជាការពិតដូចជា ៖
រាល់កិច្ចការប្រជុំទាំងឡាយ មិនសំដៅយកបានខ្លឹមសារ យកទៅអនុវត្ត ដោយមិនបានកត់ត្រាខ្លឹមសារ ។ ក្នុងន័យនេះ ត្រូវខិតខំកត់ត្រាខ្លឹមសារ នៃការប្រជុំនីមួយៗ យកទៅអនុវត្ត និងផ្ទៀងផ្ទាត់លទ្ធផល , សេវាមណ្ឌលសុខភាពនៅមិនទាន់រលូនល្អ ពេទ្យមិននៅកន្លែង។ ក្នុងន័យនេះត្រូវធានាឲ្យបាន មានវត្តមានក្នុងម៉ោងការងារ ដោយមានការកត់ត្រាវត្តមាន ជាមួយការទទួលខុសត្រូវ , មិនមានថ្នាំគ្រប់គ្រាន់ ព្រោះយកពីសាធារណៈ(យកពីរដ្ឋ) ទៅប្រើក្រៅ(ឯកជន) ។ ក្នុងន័យនេះត្រូវធានាឲ្យបានយន្តការត្រួតពិនិត្យ និងតម្លាភាព ជាមួយកំណត់ត្រាផ្ទៀងផ្ទាត់ និងនៅពេលមន្ទីរសុខាភិបាលចុះពិនិត្យ ទៅយកថ្នាំពីមណ្ឌលផ្សេងមកដាក់ជំនួសជាមុន(មិនងាយចាប់បាន)។ ក្នុងន័យនេះត្រូវធានាឲ្យបានការទទួលខុសត្រូវ ពីមណ្ឌលមួយ ទៅមណ្ឌលមួយ ដោយមិនមានមណ្ឌលណាទទួលខុសត្រូវជំនួសទេ ។

បន្ថែមពីការប្រុងប្រយ័ត្ន និងជៀសវាងខាងលើ ចំណុចគន្លឹះខាងក្រោមត្រូវបានជំរុញដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដើម្បីបន្តអនុវត្ត ៖
ការសម្រួលការ ទទួលអ្នកជំងឺឲ្យបានរហ័ស ទូលំទូលាយ និងជាមួយការពន្យល់ក្បោះក្បាយ។ រក្សាទំនាក់ទំនងល្អរវាងសហភាតរ ក៏ដូចជាមួយពលរដ្ឋ មកទទួលសេវាសុខភាព ។ ទំនាក់ទំនងល្អ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន ។ ស្មោះត្រង់ និងតម្លាភាព ជាគន្លឹះសំខាន់លើភាពជោគជ័យ និងដំណោះស្រាយទាំងឡាយ ។ យកចិត្តទុកដាក់លើការថែទាំសុខភាពពលរដ្ឋជាអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ពិសេសទាំងផ្លូវចិត្ត តាមរយៈអាកប្បកិរិយា រួសរាយ ញញឹមរាក់ទាក់ បន្ថូរភាពតានតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ និងឆ្លើយតបបានតម្រូវការសុខភាព បន្ទាន់ៗប្រជាពលរដ្ឋ និងបង្កើនគំនិតច្នៃប្រឌិតថ្មីៗ(នវានុវត្តន៍) ក្នុងការងារដែលកាន់តែសម្រួលរបៀបធ្វើការ ជាមួយប្រសិទ្ធភាពកាន់តែខ្ពស់៕

To Top