ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវាថែទាំ ដែលមានគុណភាព និងសុវត្ថិភាព ដោយប្រកាន់ខ្ជាប់នូវឥរិយាបទជាអ្នកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានសមត្ថភាព។
ការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ានេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឲ្យប្រសើរឡើង ដល់ផលប្រយោជន៍អ្នកជំងឺ» នៅថ្ងៃ២ សីហា។
សន្និសីទគិលានុបដ្ឋាក និងឆ្មប នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីបទពិសោធន៍ ប្រសិទ្ធភាពការងារដឹកនាំផ្នែកថែទាំ ការគ្រប់គ្រង ការអប់រំគិលានុបដ្ឋាក-ឆ្មប ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងវិស័យថែទាំជំងឺ ការអនុវត្តគ្លីនិកកម្រិតខ្ពស់ ការអនុវត្តន៍ផ្អែកលើភស្តុតាង និងសមត្ថភាពផ្នែកថែទាំនៅកម្ពុជា។
សាស្រ្តាចារ្យរដ្ឋមន្រ្តីលើកឡើងថា «គិលានុបដ្ឋាក ដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករ នៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការ ផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗ មួយចំនួនផ្សេងទៀត។ ដូច្នេះគិលានុបដ្ឋាកនិងឆ្មប ត្រូវតែពង្រឹងសមត្ថភាព ជាប្រចាំដើម្បីដោះស្រាយ អាទិភាពសុខភាពទាំងអស់នេះ ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានា ឲ្យមានប្រសិទ្ធភាពខ្ពស់»។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ក្នុងការអភិវឌ្ឍវិជ្ជាជីវៈថែទាំឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូចតទៅ៖
១- នៅថ្នាក់កណ្តាល ត្រូវឲ្យការិយាល័យគិលានុបដ្ឋាកនិងឆ្មប គណៈឆ្មប គណៈគិលានុបដ្ឋាក សមាគមឆ្មប និងសមាគមគិលានុបដ្ឋាក ធ្វើការរួមគ្នា រៀបចំផែនការសកម្មភាពជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មបរៀងរាល់ខែ។
២- គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប បញ្ជូនរបាយការណ៍ប្រចាំខែ ពីវឌ្ឍនភាពមកនាយកដ្ឋានមន្ទីរពេទ្យ ដើម្បីបានដឹងពីការីកចម្រើន និងធ្វើការចងក្រងជារបាយការណ៍រួម សម្រាប់វិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប។
៣- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ជាមួយប្រធានមន្ទីរពេទ្យ និងប្រធានថែទាំមន្ទីរពេទ្យ រៀបចំប្រជុំជាទៀងទាត់ ដើម្បីពិនិត្យមើលពីបញ្ហា ប្រឈមដែលកើតមាននៅតាមមន្ទីរពេទ្យ និងស្វែងរកដំណោះស្រាយដែលជាប្រយោជន៍ដល់អ្នកជំងឺ ដល់មន្ទីរពេទ្យ និងដល់មន្រ្តីសុខាភិបាល។
៤- ប្រធានមន្ទីរពេទ្យបង្អែក គួររៀបចំឲ្យគណៈកម្មការថែទាំមន្ទីរពេទ្យនីមួយៗ មានប្រធាន អនុប្រធាន សមាជិក និងមានកន្លែងពួកគាត់អាចប្រជុំប្រចាំខែ មានតួនាទី និងភារកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំ ឆ្នាំសម្រាប់សេវាថែទាំ។
៥- នៅតាមមន្ទីរពេទ្យ គិលានុបដ្ឋាក និងឆ្មប ត្រូវកំណត់សូចនាករតាមផ្នែក ដើម្បីពង្រឹងការអនុវត្តព្រមទាំងធ្វើការតាមដាន និងវាយតម្លៃសូចនាករ ឲ្យបានច្បាស់លាស់៕