ព័ត៌មានជាតិ

ក្រសួងការងារពិនិត្យឃើញថា រោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ អនុវត្តច្បាប់ការងារបានត្រឹមត្រូវ និងមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយកម្មករនិយោជិត

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន ៣រូបជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល ពិនិត្យមើលការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

រោងចក្រទាំង ៣ទីតាំង ដែលថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យមើលស្ថានភាពការងារ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ QUANTUM CLOTHING (CAMBODIA) LIMITED ដឹកនាំដោយលោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រោងចក្រ
JOINT FORCE SPORTING GOODS ( CAMBODIA ) CO., LTD. ដឹកនាំដោយ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ, រោងចក្រ SHANGHAI CH GARMENT (CAMBODIA) CO., LTD. ដឹកនាំដោយលោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ។

Screenshot

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយតំណាងនិយោជក និងសាកសួរផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតប្រមាណ ៥០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ QUANTUM CLOTHING (CAMBODIA) LIMITED ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លោក ប្រាក់ ចាន់ធឿន បានកោតសរសើរដល់ភាគីនិយោជក និងកម្មករនិយោជិតដែលមានទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយគ្នានៅកន្លែងធ្វើការងារ។ ជាពិសេស និយោជកក៏បានអនុវត្តតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងថែមទាំងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើនជូនកម្មករនិយោជិត ក្នុងនោះរោងចក្រក៏មានអាហារដ្ឋាន និងផ្តល់អាហារថ្ងៃត្រង់ជូនកម្មករនិយោជិតទៀតផង។

ដោយឡែក នៅក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបជាមួយបងប្អូនកម្មករនិយោជិតជាង ១ ០០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ JOINT FORCE SPORTING GOODS ( CAMBODIA ) CO., LTD. ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លោក ងុយ រិទ្ធបានពិនិត្យឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ឌខណ្ឌការងារ រួមនិងអត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតបានត្រឹមត្រូវ និងមានចំនុចមួយចំនួនលើសពីច្បាប់ការងារបានកំណត់ទៀតផង។ ក្នុងនោះ រោងចក្រមានទាំងកន្លែងហូបបាយ, គិលានដ្ឋាន, បន្ទប់បំបៅកូន, ការផ្តល់ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១២ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរ ៨ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។

ចំណែកការចុះពិនិត្យមើលស្ថានភាពការងារ និងជួបជាមួយបងប្អូនកម្មករនិយោជិតជាង ៥០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ SHANGHAI CH GARMENT (CAMBODIA) CO., LTD. ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លោក ប៉ុក ប៉ាន់ បានវាយតម្លៃថា បរិយាកាស និងលក្ខខណ្ឌការងារនៅក្នុងរោងចក្រនេះមានភាពល្អប្រសើរ ដោយម្ចាស់រោងចក្របានគោរពតាមច្បាប់ការងារ និងអនុវត្តនូវស្តង់ដាការងារបានយ៉ាងល្អ ថែមទាំងបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតបានយ៉ាងពេញលេញផងដែរ។ ក្នុងនោះ ក្រៅពីការផ្តល់ប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ រោងចក្រក៏ផ្តល់ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ ប្រាក់រង្វាន់អតីតភាពការងារ ប្រាក់ថែមម៉ោង និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ១៨ថ្ងៃ សម្រាប់កម្មករនិយោជិត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលការណ៍ផ្តល់អត្ថប្រយោជន៍ជាច្រើនជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស និងធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតក្នុងគោលបំណងចំបងគឺប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ៕

To Top