ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងកម្មករនិយោជិត អគ្គិសនីកម្ពុជា ប្រកាសគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋាន សាងសង់ជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ​ និងកម្មករនិយោជិត នៃ​អគ្គិសនីកម្ពុជា សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ និងកម្មករនិយោជិត នៃ​អគ្គិសនីកម្ពុជាទាំងអស់ បានគាំទ្រ១០០ភាគរយ ហើយក៏បានប្តូរប្រូហ្វាល់ហ្វេសប៊ុក ទៅរូបភាពគម្រោង ព្រែកជីកហ្វូណនតេជោទាំងអស់គ្នា ។

ជាថ្មីម្ដងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ និងកម្មករនិយោជិត នៃ​អគ្គិសនីកម្ពុជាទាំងអស់ សូមគោរពកោតសរសើរដោយស្មោះបំផុត ព្រមទាំងសូមធ្វើការប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមប្រកបដោយឧត្តមគតិជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាំគ្នាវាយគង វាយស្គរ វាយប៉ោត ឬវាយអ្វីមួយ ដែលបង្កើតបានសំឡេង ដើម្បីចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ គម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កូនខ្មែរ។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ ៖០៩នាទីព្រឹក។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាចលនាជាតិដ៏ធំសម្រាប់ប្រជាជាតិកម្ពុជា ៕

To Top