ភ្នំពេញ៖ គ្រប់ពេលវេលាទាំងអស់ ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ពេលមកដល់ខេត្តសៀមរាប តែងតែងចង់មកមើលប្រាសាទអង្គរវត្ត ជាគោលដៅទី១ មុនគេ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។
ភាពល្បីល្បាញរបស់ប្រាសាទអង្គរវត្ត ក្រៅពីមានសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យគ្មានពីរនៅលើលោក ក៏មានព្រៃឈើធម្មជាតិនិងបរិស្ថាន ជាចំណុចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ធ្វើឱ្យភ្ញៀវទេសចរគ្រប់រូប បានធូរស្បើយពីទុក្ខកង្វល់ ដោយសារតែឃើញកសិន្ធុទឹកថ្លាយង់ដ៏ធំល្វឹងល្វើយ វាលស្មៅពណ៌បៃតងខ្ចី ហាក់បីដូចជាខ្លួនគេកំពុងស្ថិតនៅក្នុងឋានដ៏ពិសិដ្ឋមួយ។

លោក ផល វណ្ណៈ ដែលមកកម្សាន្តប្រាសាទអង្គរវត្ត ជាមួយក្រុមការងារច្រើននាក់ទៀត កាលពីថ្ងៃទី១ ខែសីហា បានបង្ហាញអារម្មណ៍រីករាយ និងស្រស់ស្រាយ។ លោកបានឱ្យដឹងថា អង្គរវត្តពិតជាអស្ចារ្យ ហើយវារិតតែពិសេសទៅទៀត នៅពេលដែលមគ្គុទ្ទេសក៍ទេសចរណ៍ បានរៀបរាប់ពីរឿងរ៉ាវនានានៅតាមប្រាសាទឱ្យលោកស្ដាប់។ បុរសអ្នកភ្នំពេញរូបនេះ បានចាត់ទុកអង្គរវត្តគឺជាសំណង់ដ៏ល្អឯក ដែលមានចម្លាក់នៅតាមផ្ទាំងថ្មជាច្រើនដ៏រស់រវើក ព្រមទាំងមានធម្មជាតិ ដ៏ស្រស់ស្អាតនៅជុំវិញបរិវេណផង គឺកាន់តែធ្វើឱ្យរូបលោកមិនស្ងើចសរសើរមិនបាន។


ចំណែកអ្នកស្រី សាម សេត ដែលជាអ្នកទេសចរ មកដល់អង្គរវត្តជាលើកដំបូងក៏មានចិត្តសប្បាយរីករាយដែរ។ អ្នកស្រីបានប្រាប់ថា ពេលដែលគាត់បានឃើញកំពូលប្រាសាទអង្គរវត្ត កសិន្ធុទឹក និងវាលស្មៅបៃតងស្រស់ស្អាតភ្លាម គឺមានអារម្មណ៍រីករាយ រំភើបនិងស្បើយពីកង្វល់នានាភ្លាម។
មិនត្រឹមតែភ្ញៀវទេសចរជាតិប៉ុណ្ណោះទេដែលស្ងើចសសើរអំពីភាពអច្ឆរិយៈនៃប្រាសាទអង្គរវត្តនិងទេសភាពដ៏ស្រស់ស្អាតនោះ សូម្បីតែភ្ញៀវទេសចរបរទេស ក៏បង្ហាញអារម្មណ៍ដូចគ្នានេះដែរ។

បុរសជនជាតិអេស្ប៉ាញ ដែលបាននាំភរិយានិងកូន២នាក់ទៀតមកទស្សនាអង្គរវត្ត បានបង្ហាញអារម្មណ៍ស្ញប់ស្ញែញជាមួយសំណង់ស្ថាបត្យកម្មដែលមានអាយុជិតមួយពាន់ឆ្នាំនេះដែរ។ លោកមានប្រសាសន៍ថា វាពិតជាមានភាពអស្ចារ្យបំផុត ដែលធ្វើឱ្យលោកនិងក្រុមគ្រួសារបានឃើញជាលើកដំបូង។
បុរសដដែលបញ្ជាក់ថា បានជាប់ចិត្តជាមួយប្រាសាទបុរាណនៅទីនេះយ៉ាងខ្លាំង ហើយលោកនឹងបន្តនាំភរិយានិងកូនដើរទស្សនាក្រុងអង្គរធំ ព្រមទាំងប្រាសាទតាព្រហ្មថែមទៀត៕
