ព័ត៌មានជាតិ

អាជ្ញាធររាជធានី បញ្ជៀសចរាចរ សម្រាប់រថយន្តធុនធ្ងន់គ្រប់ប្រភេទ ក្នុងពិធីបេីកការដ្ឋានព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបើកការដ្ឋាន សាងសង់ “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរនៅតាមតម្រាយផ្លូវ ឆ្ពោះពីរាជធានីភ្នំពេញ ទៅកាន់ទីតាំងបើកការដ្ឋាន ប្រារព្ធពិធីខាងលើ រដ្ឋបាល រាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន នូវយានយន្តធុនធ្ងន់គ្រប់ប្រភេទ ចាប់ពីវេលាម៉ោង ១២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រហូតដល់កម្មវិធី ខាងលើបានបញ្ចប់ នៅតាមតម្រាយផ្លូវដូចខាងក្រោម៖

១-បិទផ្លូវត្រង់ចំណុចផ្នែកគល់ស្ពានអាកាសខាងជើង នៃមហាវិថី ស៊ីជិនពីង ស្ថិតនៅខណ្ឌ ពោធិ៍សែនជ័យ ដោយមិនអនុញ្ញាត ឱ្យធ្វើចរាចរណ៍ឡើងទៅខាងត្បូង លើតម្រាយផ្លូវស្ពានអាកាស (ផ្លូវក្រវ៉ាត់ក្រុងទី៣)។

២- បិទផ្លូវត្រង់ចំណុចផ្នែកគល់ស្ពានអាកាសខាងលិច នៃមហាវិថី ស៊ីជិនពីង ស្ថិតនៅខណ្ឌដង្កោ ដោយមិនអនុញ្ញាត ឱ្យធ្វើចរាចរណ៍ឡើង ទៅខាងកើតតាមតម្រាយផ្លូវស្ពានអាកាស ត្រង់ចំណុច ផ្លូវជាតិលេខ២។

៣-បិទផ្លូវ និងបង្វែរទិស នៅចំណុចស្តុបថៃហ្គ័រ ដោយមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ ទៅទិសខាងកើត លើបណ្តោយផ្លូវជាតិលេខ១ ឡើយ។

ក្រោយពីបញ្ចប់ពិធីខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

To Top