ព័ត៌មានជាតិ

គជប សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ នៅក្នុងពិធីអបអរសាទរ នៅទីស្តីការ .. ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

លោកអគ្គលេខាធិការ លើកឡើងថា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០៩នាទីព្រឹក គឺជាថ្ងៃនក្ខត្តឫក្សដ៏ឧត្តម ដែលព្រះរាជាណាចក្រកម្ពុជារៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជា គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប” ។ 

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដោយមានការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស។

លោក បន្ថែមថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម និងសេដ្ឋកិច្ចកម្ពុជាដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លែដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រឹង និងបង្កើនផលិតភាព នៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ ។ ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោនឹងជួយឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ ។

លោក ទេព នីថា បន្តថា «ក្នុងឱកាសដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ យើងខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ។ ក្នុងន័យ នេះ ដើម្បីជាសក្ខីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប  បានមានមតិណែនាំដ៏ខ្ពង់ខ្ពស់ឱ្យ អគ្គលេខាធិការដ្ឋាន គ.ជ.ប រៀបចំពិធីវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅស្តីការ គ.ជ.ប ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាមរតកប្រវត្តិសាស្រ្តសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ ។»

To Top