ព័ត៌មានជាតិ

សម្តេចធិបតី ៖ សំណង់ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យ របស់បុព្វបុរសយើង

កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ២០០០ឆ្នាំក្រោយមក កម្ពុជាបានបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលយកលំនាំ តាមចក្ខុវិស័យរបស់បុព្វបុរសខ្មែរ នាសម័យអាណាចក្រហ្វូណន។

ក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃ៥ សីហា សម្តេចធិបតីបានលើកឡើងពីសម័យបុរាណ គឺនៅក្នុងណាចក្រហ្វូណនដែលមានរាជធានីនៅក្នុងស្រុកអង្គបុរី ខេត្តតាកែវ ដែលពេលនេះខ្មែរមានការរីកចម្រើន ដោយសារផ្នែកកសិកម្ម ព្រោះនៅអង្គរបុរីមាន ប្រព័ន្ធធារាសាស្ត្រជាច្រើនដែលបម្រើឲ្យផ្នែកកសិកម្ម ដែលជាហេតុធ្វើឲ្យ សេដ្ឋកិច្ចរបស់កម្ពុជានៅពេលនោះរឹងមាំ ។ លើសពីនេះ គឺការធ្វើពាណិជ្ជកម្មអន្តរជាតិផងដែរ ។

សម្តេចបានលើកឡើងថា តាមការស្រាវជ្រាវនៅអង្គបុរីមានព្រែកជីកចំនួន៥ ដែលបម្រើឲ្យការតភ្ជាប់ផ្នែកពាណិជ្ជកម្ម ក្នុងនោះមានព្រែកជីកមួយធំគេហៅថា ព្រែកទី៥ មានប្រវែង៩០គីឡូម៉ែត្រដែលភ្ជាប់អង្គបុរី ជាមួយកំពុងផែអូកែវ (កំពង់ផែអន្តរជាតិ) ។

សម្តេចធិបតីរៀបរាប់ថា តាមរយៈកំពង់ផែអូកែវនេះ កម្ពុជាបានធ្វើទំនាក់ទំនងផ្នែក សេដ្ឋកិច្ចផ្នែកខាងលិច ជាមួយចក្រភពរ៉ូម៉ាំង ឥណ្ឌា និងបណ្តាប្រទេសលោកខាងលិច ។ ចំណែក ព្រែកមួយទៀត តភ្ជាប់ពីអង្គរបុរីចាក់ មកទន្លេបាសាក់ ដោយអាចធ្វើទំនាក់ទំនង ពាណិជ្ជកម្មជាមួយប្រទេស លោកខាងកើត មានចិនជាធំ និងព្រែកចំនួន៣ខ្សែទៀត អាចដឹកជំទិញក្នុងប្រទេសបានផងដែរ។

សម្តេចបញ្ជាក់ថា “អីចឹង២០០០ឆ្នាំក្រោយមក ដល់ថ្ងៃនេះកូនចៅបានបើកនូវការដ្ឋានសាងសង់ព្រែកជីក យកលំនាំចក្ខុវិស័យរបស់បុព្វបុរសរបស់យើង ។ កសាងព្រែក ជីកដែលភ្ជាប់ភ្នំពេញជាមួយកំពង់ផែទឹកជ្រៅរបស់យើង នៅខេត្តព្រះសីហនុ និងខេត្តកំពត»។

ជាមួយគ្នានោះដែរ សម្តេចធិបតី បានអះអាងថា ការសាងសង់ព្រែកជីកហ្វូណននេះ ក៏បានភ្ជាប់ទំនាក់ទំនង ផ្នែកពាណិជ្ជកម្មជាមួយ ពិភពលោកផងដែរ ។
សម្តេចបន្តថា ការសាងសង់ព្រែកជីកនេះ គឺជាការតភ្ជាប់ពីផ្នែកផ្លូវទឹកត្រង់ ទៅដល់ផែនអន្តរជាតិ ដែលធ្វើតាមលំនាំសម័យអាណាចក្រភ្នំ ឬអាណាចក្រហ្វូណន ៕

To Top