ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកសន្និសីទ វេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា

ភ្នំពេញ ៖ លោក សាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃ៣ សីហា បានអញ្ជើញក្នុងពិធីបើកសន្និសីទ វេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល» ” Advanced Cardiovascular Management in Digital Transformation” ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង នាយកមន្ទីរពេទ្យជាតិ នាយកមជ្ឈមណ្ឌលជាតិ និងគណៈគ្រូពេទ្យកម្ពុជា រួមទាំងដៃគូ។

សន្និសីទនេះរៀបចំឡើង ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍គ្នា រវាងសហភាតរៈគ្រូពេទ្យ ឯកទេសបេះដូងកម្ពុជានិងសហភាតរៈគ្រូពេទ្យ ឯកទេសបេះដូងអន្តរជាតិដើម្បីចែករំលែក និងដកស្រង់នូវបទពិសោធន៌ រវាងគ្នានឹងគ្នាស្តីអំពីការ អភិវឌ្ឍន៍ថ្មីៗ និង នវានុវត្តន៍នៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជម្ងឺបេះដូង-សរសៃឈាម នៅលើសកលលោក ក្នុងគោលបំណងលើកកំពស់សមត្ថភាពនិងចំណេះដឹង ចំណេះធ្វើរបស់វេជ្ជបណ្ឌិតខ្មែរ យើងដើម្បីធានាអោយបាន នូវប្រសិទ្ធភាពនៃការព្យាបាល និងថែទាំសុខភាព ជូនប្រជាពលរដ្ឋរបស់យើង អោយបានល្អប្រសើរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការរៀបចំឲ្យមានសន្និសីទនេះឡើង ដើម្បីជាឱកាសអនុញ្ញាតឲ្យគ្រូពេទ្យបេះដូងកម្ពុជា និង គ្រូពេទ្យបេះដូងអន្តរជាតិ ធ្វើការផ្លាស់ប្តូរនិងចែករំលែក បទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបន្ថែមសមត្ថភាព របស់គ្រូពេទ្យកម្ពុជា ដើម្បីធានាឲ្យបានប្រសិទ្ធភាព បច្ចេកទេស និងមធ្យោបាយផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ក្នុងការព្យាបាលជំងឺ និងថែទាំសុខភាពជូនប្រជាពលរដ្ឋយើង។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តលជាអនុសាសន៍ដល់អង្គសន្និសីទ ជាពិសសេសក្រុមគ្រូពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងចូលរួមលើកកម្ពស់ សុខុមាលភាពប្រជាជន ដូចខាងក្រោម ៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើជំងឺស្ទះសរសៃឈាមបេះដូង វិធីបង្ការជាពិសេស , លើកទឹកចិត្តធ្វើយ៉ាងណា គឺត្រូវដើរឲ្យទាន់បច្ចេកវិទ្យាព្យាបាល ដោយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រសិទ្ធិភាពព្យាបាល បង្ការ និងការពារ , ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទទួលបាននូវសារអប់រំសុខភាពទូលាយ ឲ្យមានរស់នៅសុខភាពល្អ ដូចជាការហូបចុក សុខុមាលភាព , យកចិត្តទុកដាក់ក្នុងផ្តល់ការថែទាំ​ សុខភាពប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលដូចជា ជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ ប.ស.ស ឬ មូលនិធិធម៌ , លើកទឹកចិត្តឲ្យអ្នក វិជ្ជាជីវៈសុខាភិបាលទាំងអស់ រួមនិងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានការពារសុខភាព និងដៃគូ ពង្រឹងការការពារ និងព្យាបាលជំងឺបេះដូងនិងសរសៃរឈាម។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមគ្រូពេទ្យបេះដូងកម្ពុជា បន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាលលើវិស័យសុខាភិបាល៕

To Top