ភ្នំពេញ ៖ ដូចអ្វីដែលបានគ្រោងទុក ក្រុមប្រឹក្សារាជធានី និងគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើពិធីអបអរសាទរ ការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ ” នៅសាលារាជធានីភ្នំពេញ ដោយបានការទូងស្គរ និងរាំរបាំប្រពៃណីជាតិខ្មែរ យ៉ាងគគ្រឹកគគ្រេង។

ការអបអរនេះបានចាប់ផ្តើមនៅម៉ោង៩និង៩នាទី ជាមួយការគោរពទង់ជាតិកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”ដោយក្រុមសិល្បករធ្វើសកម្មភាពទូងស្គរ និងបន្ទរអបអរសាទរ ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំការប្រគំតន្ត្រី នៅមុខសាលមហោស្រព កោះពេជ្រ ដែលមានសិល្បករ និងកីឡាករល្បីៗ និងពលរដ្ឋចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការរៀបចំបាញ់កាំជ្រូច នៅទន្លេ៤មុខចំនួន២លើក គឺនៅម៉ោង៧និង២០នាទី និងនៅម៉ោង៩និង៩នាទីមួយលើកទៀត ។

ទន្ទឹមគ្នានេះដែរ ក្នុងខណ្ឌទាំង១៤ មន្ទីរ អង្គភាពចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ យ៉ាងគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គបែបនេះដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ៕


