ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងចូលរួមកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រ៊ុយណេ

រូបភាព៖ ក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២២ (22 ASEAN Cooperation on Civil Service Matters – ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ លើកទី៧ (7) ACCSM+3) ក្រោមមូលបទ «ការពង្រឹងវិស័យមុខងារសាធារណៈអាស៊ាន៖ ត្រៀមខ្លួនសម្រាប់អនាគត ចាប់ពីថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយ ណេដារូស្សាឡាម។

ក្នុងអំឡុងបេសកកម្ម លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងវេទិកាសំខាន់ៗ រួមទាំង អញ្ជើញផ្តល់សុន្ទរកថាក្នុងពិធីផ្ទេរតំណែងជាប្រធាន ACCSM ប្តូរវេន សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ និងការត្រៀមរៀបចំកិច្ចប្រជុំ ACCSM និង ACCSM+3 ស្របពេលដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។

គួររម្លឹកថា កិច្ចសហប្រតិបត្តិការវិស័យមុខងារសាធារណៈ ក្នុងចំណោមប្រទេសអាស៊ាន បានចាប់ផ្តើម ក្នុងឆ្នាំ១៩៨០ ក្នុងនាមជាសន្និសីទអាស៊ានស្តីពីកំណែទម្រង់មុខងារសាធារណៈ (ACRCS)។ បន្ទាប់មក សន្និសីទអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨១ ហើយបាន បញ្ចូលរដ្ឋជាសមាជិកអាស៊ានទាំង១០ នៅក្នុងឆ្នាំ១៩៩៩។ រហូតមកដល់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ “សន្និសីទអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា “កិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈ ដើម្បីឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តរភាពរវាដរដ្ឋជាសមាជិកអាស៊ានទាំងអស់ ៕

To Top