ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រៀបចំពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានយ៉ាងច្រើនកុះករ ក្រោមបរិយាកាសសប្បាយរីករាយ និងជាទីមោទនភាពជាតិបំផុតចំពោះគម្រោងប្រវត្តិសាស្រ្ត ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច សង្គម កិត្យានុភាពជាតិ ជាពិសេសការពង្រឹងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកកម្ពុជា ភ្ជាប់ទៅកាន់ពិភពលោកដ៏មានតម្លៃមហាសាល។

ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បាននាំគ្នាមូលមីចូលរួមអបអរសាទរពីទីកន្លែងរៀងៗខ្លួន យ៉ាងគគ្រឹកគគ្រេងអឺងកង។ រីឯនៅវិមានរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានអញ្ជើញទូងស្គរជ័យ ចំណែកអ្នកចូលរួមបានទះដៃអបអរសាទរ បង្ហោះប៉េងប៉ោង បន្លឺសំឡេងយ៉ាងកងរំពងសប្បាយរីករាយ ព្រមៗគ្នានៅវេលាម៉ោង៩:០៩ នាទី ស្របពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុចប៊ូតុងបើកការដ្ឋានសាងសង់ជាផ្លូវការ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ថ្នាក់ដឹកនាំ សមាជិក-សមាជិកា រដ្ឋសភានិងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអតីតនាយករដ្ឋមន្រ្តីអាណត្តិទី៦ បានដាក់ចេញនូវគម្រោងជាទីមោទកភាពជាតិនេះឡើងប្រកបកបដោយទស្សនវិស័យវែងឆ្ងាយ និងច្បាស់លាស់។

ជាមួយគ្នានេះ រដ្ឋសភា គាំទ្រយ៉ាងទំហឹងចំពោះឆន្ទៈមនសិការស្នេហាជាតិខ្ពស់ នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញឲ្យមានការអនុវត្តជាក់ស្តែងឆ្ពោះទៅរកភាពជោគជ័យ និងការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្ត សំដៅបម្រើដល់ការអភិវឌ្ឍ និងរីកចម្រើននៃមាតុភូមិកម្ពុជាដ៏រុងរឿង និងបង្ហាញពីស្មារតីខ្មែរអាចធ្វើបាន ឯកភាពជាតិ និងជាមោទភាពរបស់ជាតិទំាងមូល ៕
